តាមការប្រកាសនៅលើបណ្តាញសង្គមតេលេក្រាម អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Tymoshenko បានប្រកាសថា រុស្ស៊ីនិងអ៊ុយក្រែនបានប្រកាស ដោះដូរឈ្លើយសឹកនៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន ។
នៅក្នុងសេចក្តីប្រកាសនៅលើបណ្តាញសង្គមតេលេក្រាម ភាគីរុស្ស៊ីនឹងដោះលែងទាហានអ៊ុយក្រែន៨៦នាក់ ក្នុងនោះមានទាហានស្រី១៥នាក់ ។ ការដោះលែងនេះធ្វើឡើងក្រោយកិច្ចពិភាក្សានៅក្នុងប្រទេសតួកគី កាលពីថ្ងៃទី២៩ ខែមីនា ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាដោះដូរឈ្លើយសឹក។
កិច្ចពិភាក្សានៅពេលនោះ ធ្វើឡើងរយៈពេលដល់ទៅ៤ម៉ោង ក្នុងពេលគណៈប្រតិភូរុស្ស៊ីវិលត្រឡប់ទៅកាន់ទីក្រុងមូស្គូវិញ ក៏បាននាំយកឯកសាររបស់អ៊ុយក្រែនស្តីពីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។
នេះជាលទ្ធផលវិជ្ជមានក្នុងកិច្ចពិភាក្សារវាងគណៈប្រតិភូរុស្ស៊ី នឹងអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាម ដែលអូសបន្លាយជាង១ខែកន្លងមក។ កាលពីសប្តាហ៍កន្លងមក រុស្ស៊ី និងអ៊ុយក្រែនក៏បានអនុវត្តដោះដូរអ្នកទោសលើកដំបូងចាប់តាំងពីរុស្ស៊ីវាយប្រហារទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ខែកុម្ភៈមក៕
ដោយ៖ ធីរីណា(រូបថត៖ Dayto News/TTXVN)