ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យមួយផ្សេងទៀតនៅក្នុងការប្រកួតដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្រុមនេះបានត្រឹមស្មើ១ទល់១ជាមួយក្រុម Leicester នៅកីឡដ្ឋាន Old Trafford កាលពីរាត្រីថ្ងៃទី២ ខែមេសាម្សិលមិញ។
ការបាត់បង់ពិន្ទុអាចកាន់តែអាក្រក់សម្រាប់លោក Ralf Rangnick ខណៈដែល Leicester បាននាំមុខនៅតង់ទី២ ក្រោយពីប្រកួតក្នុងតង់ទី១មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទី។
នៅនាទីទី៦៣ កីឡាករKelechi Iheanacho រកបានគ្រាប់បាល់បើកឆាក នៅពេលដែលគាត់បានជួបការបញ្ជូនបាល់ពីស្លាបឆ្វេងដ៏អស្ចារ្យរបស់ Maddison ជាមួយនឹងការតែតបាល់យ៉ាងល្អ។
ការនាំមុខរបស់ក្រុម Leicester មានរយៈពេលត្រឹមតែ៣នាទីប៉ុណ្ណោះ ក្រោយពីខ្សែបម្រើប្រេស៊ីល Fred របស់ក្រុមបិសាចក្រហមរកបាន១គ្រាប់សងវិញនៅនាទីទី៦៦ បន្ទាប់ពីការបញ្ជូនបាល់របស់ខ្សែបម្រើ Bruno Fernandes ធ្វើឲ្យផុតដៃអ្នកចាំទី Kasper Schmeichelរបស់ក្រុម Leicester ។
លទ្ធផលនេះគឺជាលទ្ធផលដ៏ខកចិត្តមួយសម្រាប់ក្រុមម្ចាស់ផ្ទះ ដែលឥឡូវនេះមាន៣ពិន្ទុតាមពីក្រោយក្រុមចំណាត់ថ្នាក់លេខ៤ Arsenal ដោយបានលេង២ប្រកួតបន្ថែមទៀត និងជាមួយនឹងការធ្វើដំណើរទៅកាន់ទឹកដីក្រុមកាំភ្លើងធំ បូករួមទាំងការជួបជាមួយក្រុមខ្លាំង Liverpool និង Chelsea បន្តទៀតនៅលីគកំពូលអង់គ្លេស។
បច្ចុប្បន្នក្រុមបិសាចក្រហមកំពុងឈរលេខ៦មាន៥១ពិន្ទុ ក្នុង៣០ប្រកួត ស្មើជាមួយក្រុមលេខ៥ Tottenham ដែលមាន១ប្រកួតនៅក្នុងដៃ ខណៈដែលចំណាត់ថ្នាក់លេខ៤ Arsenal មាន៥៤ពិន្ទុ ក្នុង២៨ប្រកួត រីឯក្រុម Leicester កំពុងឈរលេខ៩ មាន៣៧ពិន្ទុ ក្នុង២៨ប្រកួត។
សូមបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Everton នៅថ្ងៃទី៩ ខែមេសា និងប៉ះក្រុមភ្ញៀវ Norwich Cityនៅថ្ងៃទី១៦ ខែមេសា បន្ទាប់មកត្រូវប៉ះក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool នៅថ្ងៃទី២០ មេសា និងប៉ះ Arsenal នៅថ្ងៃទី២៣ ខែមេសាខាងមុខ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ទាំងអស់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)