ព័ត៌មានទាន់ហេតុការណ៍៖

កសាងសំណុំរឿងបញ្ជូនម្ដាយចិត្តអប្រីយ៍ទៅតុលាការ ករណីសម្លាប់កូនអាយុជាង ១ ខែបោះចូលប្រឡាយព្រោះតែកូនយំនិងជីវភាពក្រីក្រពេក

ចែករំលែក៖

     ខេត្តបាត់ដំបង ៖ លោក​វរសេនីយ៍ឯក​ ពេជ្រ​  សា​រ៉ែន អធិការ​នគរបាល​ក្រុង​បាត់ដំបង​ បាន​ឲ្យដឹងថា នៅព្រឹកថ្ងៃទី ៣ ខែមេសានេះកម្លាំងនគរបាលក្រុងបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនស្ត្រីម្នាក់ដែលសម្លាប់កូនអាយុជាងមួយខែបោះចូលទៅក្នុងទឹកប្រឡាយដើម្បីត្រៀមបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់រួចហើយ។

  លោកអធិការបន្តឲ្យដឹងទៀតថាចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីលោកដឹកនាំ​កម្លាំងធ្វើការស្រាវជ្រាវករណីប្រទះ​ឃើញ​សព​ក្មេង​ស្រី​ម្នាក់អណ្តែត​ក្នុង​ទឹក​ប្រឡាយ​មួយ​កន្លែង​  ស្ថិត​នៅ​ភូមិ​ព្រៃ​កូន​សេក​  សង្កាត់​អូរ​ចារ​  ក្រុង​បាត់ដំបង​   កាលពី​រសៀលថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២២​ ម្សិលមិញ ។​

ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​យ៉ាងល្អិតល្អន់នេះ​  សមត្ថកិច្ច​បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​  ហន​ សា​មេន​  ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ មាន​ទី​លំ​ នៅ​ភូមិ​សង្កាត់​ខាងលើ​ ដែល​ត្រូវជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​  (​សាកសព​)​  ដើម្បី​ធ្វើការ​សាកសាកសួរ។ចំពោះមូលហេតុ​ដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ​ គឺ​នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ​នា​វេលា​ម៉ោង​ ប្រមាណ​៩​និង​០៥​នាទីព្រឹកសមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង​ បាន​ទទួល​ព័ត៌មាន​ពី​ករណី​ បាត់​ក្មេង​ស្រី​ម្នាក់​ទើប​មាន​អាយុ​០១​ខែ និង​១០​ថ្ងៃ​ មានឈ្មោះ​ជៀប​  កាន់​យ៉ា​  ដែល​មាន​ម្តាយ​ឈ្មោះ​  ហន​  សា​មេន​ ។​ នៅ​ពេល​ទទួល​ព័ត៌មាន​ពី​ការ​បាត់​ក្មេង​ស្រី​តូច​នេះ​  ទាំង​អ្នក​ភូមិ​និង​សមត្ថកិច្ច​បាន​ស្វះ​ស្វែងរក​  ហើយ​ពេលបន្ទាប់ក៏បានប្រទះឃើញសព​ក្មេង​ស្រី​ខាងលើ​អណ្តែត​នៅ​ក្នុង​ទឹក​ប្រឡាយ​មួយ​កន្លែង​នៅ​មូលដ្ឋាន​ខាងលើ​។​    បន្ទាប់មក  សមត្ថកិច្ច​បាន​សម្រេច​នាំ​ខ្លួន​ស្រី្ត​ជា​ម្តា​យមក​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​  ហើយ​ នៅ​ចំពោះ​មុខការ​សាកសួរ​របស់​សមត្ថកិច្ច​ស្ត្រី​ជា​ម្តាយ​បាន​ឆ្លើយ​សារភាព​ថា​  រូប​គាត់​តែ​ម្នាក់ឯង​ បាន​ធ្វើ​សកម្មភាព​យក​កូនស្រី​បង្កើត​ដែល​មាន​អាយុ​ទើប​០១​ខែ​១០​ថ្ងៃ​  ទៅ​បោះចោល​ឱ្យ​ស្លាប់​ក្នុង​ទឹក​ប្រឡាយ​នោះ​  ។ បន្ទាប់​មក​ក៏​ធ្វើសកម្មភាពធ្វើជាបាត់​កូនស្រី​របស់​ខ្លួន​បង្កការឆោឡោ។ ប៉ុន្តែតាម​រយៈ​ព័ត៌មាន​នេះសមត្ថកិច្ច​ននគរបាលជំនាញបានធ្វើការស្រាវជ្រាវ​ស៊ើបអង្កេត​ភ្លាមៗ​ ហើយចុងក្រោយស្ត្រី​ជា​ម្តាយ​រូប​បានសារភាពថា​  មូលហេតុ​ ដែល​នាំ​ទៅ​ដល់​ការ​សម្លាប់​ កូនស្រី​ខ្លួនឯង​ដោយ​ឥត​ញញើត​ដៃ​បែប​នេះ​  គឺ​ដោយសារ​តែ​កូនស្រី​ជា​ជន​រង​គ្រោះ​រូប​នេះ​យំ​ពេក។ លុះនៅ​ពេល​យប់​ គឺ​ចាប់ពី​ម៉ោង​  ២១​និង​០០​នាទី​  រហូត​ដល់​ម៉ោង​០៤​និង​០០​នាទី​ ព្រឹក​ទើប​បាត់​យំ​ ។​   ម្យ៉ាង​ដោយ​ខ្លួន​មានការ​ហត់នឿយ​ជាមួយនឹង​បញ្ហា​នេះ​ផង​  និង​ជីវភាព​ក្រីក្រ​ពេក​ណាមួយ​កូនបងទើបតែ​មាន​អាយុ​០១​ឆ្នាំ​០១​ខែ​ផង​  ណាមួយ​អត់​មាន​ប្រាក់​ទិញ​ទឹកដោះគោ​ឱ្យ​កូន​បៅ​ផង​  និង​ពេល​នេះ​ដោយ​ មានឱកាស​ល្អ​ពេល​យាយ​មិន​នៅ​ម្តាយមីង​មិន​នៅ​  គឺ​នៅ​តែ​ម្នាក់ឯង​ខ្លួន​ក៏​យក​កូន​នេះ​ទៅ​បោះចោល​ក្នុង​ទឹក​ប្រឡាយ​ក្រោយ​ផ្ទះ​តែ​ម្តង​ទៅ​។​

​ទោះជា​ឆ្លើយ​សារភាព​រៀបរាប់​ពី​ទុក្ខ​លំបាក​ យ៉ាងណា​នៅ​ពេល​នេះ​  សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​  ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​ហើយ​៕​

ដោយ ៖ ប្រាថ្នា


ចែករំលែក៖