ភ្នំពេញ៖ សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងមមាញឹកតុបតែងលម្អទីសាធារណៈ រមណីយដ្ឋាននិងសួនច្បារនានា និងពង្រាយដាក់បង្គន់អនាម័យចល័តចំនួន៣០បង្គន់ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកមកដើរលេងកម្សាន្តនៅកន្លែងកម្សាន្តនានានៅក្នុងរាជធានីភ្នំពេញ។
លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នេះថា៖ យោងតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២នេះជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងដាក់ពង្រាយបង្គន់អនាម័យចល័តចំនួន ៣០បង្គន់ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកមកដើរលេងកម្សាន្តនៅកន្លែងកម្សាន្តនានានៅក្នុងរាជធានីភ្នំពេញ ក្នុងនោះសម្រាប់នៅទីតាំងរមណីយដ្ឋានវត្តភ្នំ យើងត្រូវដាក់ចំនួន៨បង្គន់ តែបើត្រូវកែប្រែយ៉ាងណានោះលោកអភិបាលរាជធានីភ្នំពេញនឹងធ្វើការណែនាំឱ្យអនុវត្តនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅថ្ងៃទី០៦មេសា២០២២ស្អែកនេះ។
លោកបញ្ជាក់ទៀតថា ក្រៅពីការងារខាងលើអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏នៅមានការងារមួយចំនួនទៀតដែលត្រូវអនុវត្តផងដែរ ដូចជាការងារកាត់លះមែកឈើនៅតាមដងផ្លូវ ការកាត់ស្មៅនៅតាមសួនច្បារនានា ។
ចំណែកលោកម៉ែន សុខខេន ប្រធានអង្គភាពលូទឹកបូមទឹករាជធានីភ្នំពេញឱ្យដឹងដែរថា៖ អង្គភាពរបស់លោកមានគម្រោងបាញ់ទឹកលាងថ្នល់ លាបកំបោរសតាមគល់ឈើជាដើម បាញ់ស្ប៉េត្រូតាមបូឌៀរចិញ្ចើមផ្លូវ សួនច្បារ រមណីយដ្ឋាននានាធ្វើយ៉ាងណាលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាត។
មន្ត្រីរដ្ឋបាលរាជរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាលនេះដែរ ខាងអង្គភាពអគ្គិសនីនិងបំភ្លឺសាធារណៈនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកទទួលចាត់ចែងលើការតុបតែងភ្លើងបំភ្លឺសាធារណៈនៅតាមដើមឈើ និងសួនច្បារនៅទូទាំងរាជធានីភ្នំពេញ។ ចំណែកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវលើការរៀបចំកម្មវិធីសម្តែងសិល្បៈបុរាណ និងសម័យជូនប្រជាពលរដ្ឋទស្សនាកម្សាន្តនៅតាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ បំផុសចលនាប្រជាពលរដ្ឋចូលរួមឱ្យបានផុលផុសក្នុងការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ វាយឆ្នាំងជាដើម ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាលនិងវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រីឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ។
ត្រៀមរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពិធីទទួលទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ៕
ដោយ ៖ សំរិត