ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងម្នាក់រងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ២គ្រឿងបុកគ្នានៅលើផ្លូវជាតិលេខ៥ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០០និង ៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមេសា២០២២ នៅលើផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រ៤៦និង ៤៧នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកចរាចរណ៍បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមេសា នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងរវាងរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់3A-0770 ដឹកលៀសបើកបរពីទិសខាងជើងទៅខាងត្បូង។ អ្នក បើកបរឈ្មោះ សៀវ ប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិពោធិ៍ម្រេះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងបានស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ ១ឈ្មោះ ជា សុខ ភេទ ប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ស្លាប់នៅកន្លែងកើតហេតុ និង២.ឈ្មោះ ម៉ន សំណាង ភេទ ប្រុស អាយុ៣០ឆ្នាំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសស្រាល ។
លោកស្នងការរងនគបាលខេត្តបានឱ្យដឹងទៀតថា នៅពេលមកដល់ចំណុចកើតហេតុខាងលើរថយន្តហ៊ីយ៉ាន់ដាយ បានរេចង្កូតចូលផ្លូវម្ខាងទៀតហើយបុកជា មួយរថយន្តម៉ាកHINO ពណ៌ ស.ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A- 7514 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 4A- 3722 ដែលបានបើកបរច្រាស់ទិសគ្នាពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់ឈ្មោះ និងបានរត់គេចខ្លួនពីកន្លែងកើតហេតុ ។
សពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ធ្វើកំណត់ហេតុប្រគល់ជូនទៅក្រុមគ្រួសារដឹកយកទៅលំនៅឋានធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចដើម្បីសង្គ្រោះបន្ទាន់ផងដែរ ។
ចំណែករថយន្តទាំង២ ត្រូវបានសមត្ថកិច្ចនគបាលចរាចរណ៍បានធ្វើការវាស់វែងនិងស្ទូចរថយន្តយកមករក្សាទុកនៅអធិការនគរបាលស្រុកកំពង់ត្រឡាចរង់ចាំដោះស្រាយតាមច្បាប់៕
ដោយ៖ សូរិយា