ខេត្តសៀមរាប ៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការធ្វើបដិសណ្ឋារកិច្ចទទួលទេសចរ គឺជាកត្តាមូលដ្ឋានដំបូងដ៏សំខាន់ មួយក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់ទេសចរ ដែលមកទស្សនាកម្ពុជា។
លោកថ្លែងបែបនេះ ក្នុងឱកាសតំណាង លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព នៅខេត្តសៀមរាប នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២។ នេះបើយោងតាមផេកក្រសួងទេសចរណ៍ បង្ហោះនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
លោក ហោ សារុន រដ្ឋលេខាធិការ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រទេសទទួលទេសចរអន្តរជាតិ និងការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីធានាបាននិរន្តរភាពទេសចរណ៍ ទើបសិក្ខាសាលា “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព” ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃនេះ ព្រោះថាការធ្វើបដិសណ្ឋារកិច្ចទទួលទេសចរ គឺជាកត្តាមូលដ្ឋានដំបូងដ៏សំខាន់ មួយក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់ទេសចរដែលមកទស្សនាព្រះរាជាណាចក្រកម្ពុជា»។
លើសពីនេះ លោកបន្ថែមថា សិក្ខាសាលានៅថ្ងៃនេះគឺជាឱកាសមួយផ្សារភ្ជាប់ការចូលរួមរបស់សិក្ខាកាម ក្នុងការផ្តល់ភាពកក់ក្តៅ និងភាពពេញចិត្តជូនទេសចរ។ ដូច្នេះ លោកបានស្នើសិក្ខាកាមទាំងអស់គ្នា យកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទេសចរ ដោយទឹកមុខញញឹម រួសរាយរាក់ទាក់ ទន់ភ្លន់ តែម៉ឹងម៉ាត់ក្នុង ការងារ ដើម្បីចូលរួមស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ប្រកបដោយចីរភាព គុណភាព សុវត្ថិភាព និរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ក្នុងបុព្វហេតុលើកកម្ពស់ថែមទៀតនូវកិត្យានុភាពកម្ពុជា «កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆិយៈផ្តល់ភាពកក់ក្តៅ» ឲ្យក្លាយជាគោលដៅទេសចរណ៍គុណភាពលំដាប់ពិភពលោក ប្រកបដោយភាពជឿទុកចិត្ត និងភាពទាក់ទាញ។
លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រដ្ឋបាលខេត្តសៀមរាប សាលាក្រុងសៀមរាប មន្ទីរទេសចរណ៍ខេត្ត មន្ទីរនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាលតែងតែគាំទ្រ និងសហការខ្ពស់ជាមួយលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេសក្នុងការរៀបចំសិក្ខាសាលានេះ។
សូមជម្រាបថា គោលបំណងនៃការរៀបចំសិក្ខាសាលានាថ្ងៃនេះ ដើម្បីកសាងសមត្ថភាពបន្ថែមនិងផ្តល់នូវចំណេះដឹង លើការងារបដិសណ្ឋារកិច្ចល្អ រួសរាយរាក់ទាក់ភ្ញៀវទេសចរ ជូនមន្ត្រីសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធដែលបម្រើការងារ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលជាច្រកទ្វារអន្តរជាតិមួយយ៉ាងសំខាន់សម្រាប់ទេសចរ និងសេដ្ឋកិច្ច ក្នុងន័យធានាបានប្រសិទ្ធភាពខ្ពស់និងការពេញចិត្តរបស់ភ្ញៀវទេសចរ តាមរយៈការធ្វើបដិសណ្ឋារកិច្ចប្រកបដោយគុណភាពនិងការធានាសន្តិសុខ សុវត្ថិភាពទេសចរបានល្អ ជាទីទុកចិត្តពីសំណាក់ភ្ញៀវទេសចរ ដែលជាបច្ច័យដ៏ល្អក្នុងការទាក់ទាញភ្ញៀវទេសចរ និងការផ្សព្វផ្សាយពីកិត្តិសព្ទនៃប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
វិស័យទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែង ព្រមទាងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។ ក្នុងរយៈពេលជាង១០ឆ្នាំ កន្លងទៅ ត្រឹមឆ្នាំ២០១៩ វិស័យទេសចរណ៍កម្ពុជាមានការកើនឡើងគួរឱ្យកត់ សម្គាល់ក្នុងអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម ១២% ក្នុងមួយឆ្នាំ។ បន្ទាប់មកចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១ វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលចាប់ផ្តើមទទួលរងឥទ្ធិពលអវិជ្ជមាន យ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩៕
ដោយ ៖ សហការី