ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ៖ ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ ត្រូវចាត់ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាការងាររួមរបស់ប្រទេសជាតិ មិនមែនរបស់បុគ្គលណាម្នាក់ ហើយក៏មិនមែនរបស់ក្រសួងណាមួយដែរ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ផេកផ្លូវការ របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានណែនាំដល់ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ ត្រូវចាត់ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាការងាររួមរបស់ប្រទេសជាតិ មិនមែនជាការងារដាច់ដោយឡែក សម្រាប់ក្រសួងមួយ ឬស្ថាប័ន្ធមួយនោះទេ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា កន្លងមក កម្ពុជា មានបទពិសោធន៍ទាក់ទងទៅនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយសារ ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ ធ្វើដោយឡែកៗពីគ្នា ដូច្នេះមិនបានជោគជ័យឡើយ។

សម្ដេចក្រឡាហោម បានបន្ដថា ក្រោយមកទៀត ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធទាំងអស់ បានប្រមូលផ្គុំគ្នា ហើយបែងចែកការងារគ្នាធ្វើ ទាំងនេះទើបហៅថា កម្លាំងសរុប វិធានការសរុប មធ្យោបាយសរុប ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខណៈ ថវិកា មធ្យោបាយ ដើម្បីបំរើការងារទាំងនេះ ស្ថិតទៅលើក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ ជាអ្នកដោះស្រាយ។

សម្ដេចក្រឡាហោម មានប្រសាសន៍ឱ្យដឹងថា «យើងចាត់ទុកការងារនេះ (ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស) ជាការងាររួមរបស់ប្រទេសជាតិមួយ មិនមែនជាការងារដាច់ដោយឡែក សម្រាប់មនុស្សម្នាក់ សម្រាប់ក្រសួងមួយ ឬស្ថាប័ន្ធមួយទេ។ បើក្រសួងមួយ ស្ថាប័ន្ធមួយជោគជ័យតែឯង ក្រសួងផ្សេងៗទៀតបរាជ័យ ការងារហ្នឹងក៏បរាជ័យដែរ វាអត់ជោគជ័យកើតឡើយ។ ដូច្នេះយើងចាត់ទុកសមិទ្ធផលទាំងអស់ហ្នឹង ជារបស់យើងទាំងអស់គ្នា មិនមែនបុគ្គលណាម្នាក់ឡើយ»៕

ដោយ ៖ សិលា


ចែករំលែក៖