ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនិស្សិតស្រីម្នាក់បានសម្រេចហើយ តែជិះម៉ូតូគេចខ្លួនមិនរួចត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានទាំង២នាក់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦ល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ទី១-ឈ្មោះ អឹម ឧត្ដម និង២- ឈ្មោះ សំ សុភា ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1AM- 6814ធ្វើសកម្មភាពឆក់ប្លន់យកទូរស័ព្ទដៃពីជនរងគ្រោះ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស (ជិះម្នាក់ឯង) ចេញពីកំបូលក្នុងគោលបំណងទៅរៀននៅម្តុំជិតវត្តភ្នំ ដោយគាត់ទុកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូ ។
ជនរងគ្រោះបន្តថា ខណៈគាត់ជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យពីរនាក់បានមកធ្វើសកម្មភាពឆក់យកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូ ហើយជិះរត់គេចពីកន្លែងកើតហេតុតាមបណ្ដោយផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថីសហព័ន្ធ
រុស្ស៊ី ។ ពេលនោះរូបគាត់បានស្រែកថា ចោរៗ ត្រូវបានប្រជាពលរដ្ឋនៅតាមដងផ្លូវ នាំគ្នាដេញតាមជនសង្ស័យ។ បន្ទាប់មកប្រជាពលរដ្ឋក៏ឃាត់បានជនសង្ស័យនៅម្តុំរោងម៉ាស៊ីនជិតច្រកចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។
ប្រភពព័ត៌មានពីជនរងគ្រោះបានបន្តទៀតថា ខណៈដែលជនសង្ស័យទាំង២នាក់ត្រូវបានប្រជាពលរដ្ឋឃាត់បានហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បានមកដល់ចំណុចកើតហេតុដែរ ហើយបាននាំជនសង្ស័យទាំងពីរនាក់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ភ្លាមៗ។
ក្រោយពីការសាកសួរករណីឆក់ទូរស័ព្ទជនរងគ្រោះមិនមែនស្ថិតនៅក្នុងទឹកដីសង្កាត់កាកាបទី១ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បាននាំទៅមើលកន្លែងកើតហេតុ។ បន្ទាប់ពីដឹងចំណុចកើតហេតុហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី១ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បាននាំជនសង្ស័យទាំងពីរនាក់ប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កន្ទោក ខណ្ឌកំបូល ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីបន្ត ៕
ដោយ៖ ជ្រោយពេជ្រ