ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋបានលើកឡើងថា, ជិតបោះឆ្នោតហើយលោកចៅហ្វាយស្រុកភ្នំស្រួចអើយ សូមជួយដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋតាមនីតិវិធីឲ្យបានលឿនផង ទៅតាមយន្តការប្រតិភូកម្មអំណាចថ្នាក់មូលដ្ឋាន ឬថ្នាក់ក្រោមជាតិ ដោយយកច្បាប់ជាគោល ផ្តល់ភាពយុត្តិធម៌ ឱ្យគូរភាគី ?
សូមបញ្ជាក់ថា ៖ បញ្ហាទំនាស់ដីធ្លីនេះ ធ្លាប់បានឃើញគេហទំព័រ អនឡាញ បណ្តាញទំនាក់ទំនងសង្គម បានចុះផ្សាយចែករំលែកព័ត៌មាន ជុំវិញអ្វីដែលគេកំពុងតែឆ្ងល់ថា, មិត្តទ្រុស្តមិត្ត ផ្ញើដីឲ្យជួយមើលថែ បែរជាលក់ឲ្យអ្នកផ្សេងធ្វើព្រងើយ ។ ខ្លឹមសារនៃសាច់រឿងនេះធ្វើឲ្យ លោក ឆេង មើម ដែលរងគ្រោះឈឺចិត្តស្អិតទ្រូង ដេកមិនលក់ បក់មិនល្ហើយ បានដាក់ពាក្យបណ្ដឹងមួយច្បាប់ចូលទៅរដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីឲ្យជួយដោះស្រាយរឿងនេះ ។ ប៉ុន្តែលទ្ធផលបែបណានោះ ហាក់មិនទាន់មានដំណោះស្រាយនៅឡើយ។
ជនរងគ្រោះបានបញ្ជាក់ថា, នៅថ្ងៃដែលរដ្ឋបាលស្រុកភ្នំស្រួចកោះហៅមកជួបគ្នាស្វែងរកដំណោះស្រាយនោះ លោក ឆេង មើម អះអាងថា ហាក់ដូចជាមានភាពលំអៀងរួចទៅហើយ ពោលគឺភាគីខាងគាត់ជាដើមបណ្ដឹងគេឲ្យចូលតែម្នាក់គត់ ខណៈដែលភាគីលោក ជ័យ ហ៊ីម អ្នកលក់ គេចូលទៅបាន២នាក់ ចំណែកភាគីលោក សួន អេង ដែលជាអ្នកទិញអាចចូលបានច្រើននាក់ ករណីនេះលោកមិនជំទាស់ទេ សូមឲ្យតែការដោះស្រាយមានភាពត្រឹមត្រូវទៅតាមផ្លូវច្បាប់បានហើយ ។
ពាក់ព័ន្ធនឹងរឿងនេះលោក ជ័យ ហ៊ីម បានប្រាប់តាមសារព័ត៌មានតាម ទូរស័ព្ទថា លោកទទួលស្គាល់ថា លោក ឆេង មើម ពិតជាបានផ្ញើដីឲ្យគាត់មើលថែមែន ។ ចំណែកដីដែលគាត់បានលក់ឲ្យឈ្មោះ សួន អេង គឺមានទំហំ១២ហិកតា ដូច្នេះលោកបានស្នើសុំឲ្យរដ្ឋបាលស្រុកភ្នំស្រួចចុះវាស់វែងកំណត់និយាមការលើដីដែលគាត់បានលក់ឲ្យឈ្មោះ សួន អេង ក្នុងទំហំ១២ហិកតា បើខ្វះគាត់នឹងរកដីទៅបង្គ្រប់ឲ្យ តែបើលើសគាត់ត្រូវការកាត់យកមកវិញដើម្បីប្រគល់ទៅឲ្យ លោក ឆេង មើម បញ្ចប់ជម្លោះ ។ ក្រោយពេលចុះទៅវាស់វែងបានរកឃើញថា លោក សួន អេង គ្រប់គ្រងដីលើសទំហំដែលគាត់បានទិញ តែគាត់មិនព្រមប្រគល់ដីលើសនោះឲ្យមកខ្ញុំវិញទេ ឥឡូវមានតែរដ្ឋបាលស្រុកភ្នំស្រួចទេ ដែលមានសមត្ថភាពដោះស្រាយរឿងនេះ ។
ដោយសារមានការបកស្រាយសមរម្យពីលោក ជ័យ ហ៊ីម នោះលោក ឆេង មើម បានសំណូមពរដល់រដ្ឋបាលស្រុកភ្នំស្រួចឲ្យជួយពន្លឿនរកយុត្តិធ៌មជូនគាត់ ពោលគឺទាំងភាគីទំនាស់ និង មន្ត្រីជំនាញបានរកឃើញចំណុចដែលត្រូវបញ្ចប់រឿងហើយ ហេតុអីរដ្ឋបាលស្រុកមិនប្រើយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ ទាំងសងខាង ឬ នីតិវិធិអ្វីដែលថ្នាក់លើប្រតិភូកម្មអំណាចអោយនោះ ? ផ្ទុយទៅវិញម៉េចបានជារង់ចាំបោះឆ្នោតរួច ទើបបន្តដំណើរការនីតិវិធី ? បើការងារនេះមិនទាក់ទងដល់ការបោះឆ្នោតផងហ្នឹង ? ។
លោក ឆេង មើម បានប្រកាន់ជំហរថា បើមិនមានដំណោះស្រាយឲ្យបានសមរម្យនិងទាន់ពេលវេលាទេលោកមិនសុខចិត្តឡើយ គឺនឹងប្ដឹងបន្តទៅស្ថាប័នផ្សេងៗទៀតរហូតដល់ទីបញ្ចប់ ។
អង្គភាព មជ្ឈមណ្ឌល សារព័ត៌មាន”នគរវត្ត” បានព្យាយាមចង់ឱ្យមានការបកស្រាយ ពីលោក ហន ពិសិដ្ឋ ចៅហ្វាយស្រុកភ្នំស្រួច ផងដែរនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ តែគ្មានលេខទូរស័ព្ទ។
សូមបញ្ជាក់ថា ផ្ទៃដីរបស់លោក ឆេង មើម ដែលលោក ជ័យ ហ៊ីម មេឃុំចំបក់លួចលក់ឲ្យលោក សួន អេង នោះ មានទំហំជាង១២ហិកតាឯណោះ ប៉ុន្តែលោក ឆេង មើម ទាមទារឲ្យសងតែដីទំហំ៤ហិកតាដែលមានក្នុងប័ណ្ណកម្មសិទ្ធតែប៉ុណ្ណោះ ?
ប្រភពច្បាស់ការណ៍មួយបានបង្ហើបថា ពេលនេះលោក ឆេង មើម បានប្ដឹងចូលសាលាដំបូងខេត្តកំពង់ស្ពឺ ហើយតុលាការក៏បានចេញដីការក្សាការពារដីនោះរួចហើយដែរ គ្រាន់តែមិនទាន់អនុវត្ត ព្រោះរង់ចាំដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការសិន បើដោះស្រាយមិនបានមានតែអនុវត្តដីការក្សាការពារនោះតែប៉ុណ្ណោះ ។
ភាគីជម្លោះបានធ្លោយថា, ជិតបោះឆ្នោតហើយលោកចៅហ្វាយស្រុកភ្នំស្រួចអើយ សូមដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋតាមនីតិវិធីឲ្យបានលឿនផង ?
មតិពីមហាជនតាមតុកាហ្វេបានលើកឡើងថា លោក សួន អេង ដែលជាភាគីអ្នកទិញគួរតែទទួលយកត្រឹមតែដីដែលខ្លួនបានទិញ ហើយបញ្ចប់ជម្លោះត្រឹមថ្នាក់ស្រុកនេះគឺវាល្អបំផុតហើយ មិនគួរទៅកាន់កាប់ដីលើសទំហំដែលខ្លួនបានទិញនាំឲ្យមានជម្លោះនោះទេ ព្រោះបើមានការប្ដឹងប្ដល់គ្នាដល់តុលាការគ្មានអ្វីចំណេញឡើយ មានតែចូលដើមប៉ុណ្ណោះ ។
ចំណែករដ្ឋបាលស្រុកភ្នំស្រួចជម្លោះតូចតាចជិតបោះឆ្នោតបែបនេះ គួរតែរួសរាន់ដោះស្រាយតាមនីតិវិធី គឺអ្នកទិញបានប៉ុនណា យកប៉ុណ្ណោះ ឯភាគីអ្នកលក់ក៏ត្រូវតែប្រគល់ឲ្យគេគ្រប់ចំនួនដែរ ហើយបើភាគីណាមួយមិនព្រមគោរពតាមកិច្ចសន្យាទិញ-លក់គឺត្រូវអនុវត្តផ្លូវច្បាប់ជាការស្រេច មិនគួរអូសបន្លាយពេលទុកឲ្យប្រជាពលរដ្ឋឈ្លោះគ្នាវែងឆ្ងាយទៀតទេ ព្រោះទង្វើនេះត្រូវបានគេសង្ស័យថា ជាការពន្យារពេលដើម្បីរង់ចាំមើលផលប្រយោជន៍អ្វីផងក៏មិនដឹង ? មតិដដែលបានបញ្ជាក់ថា បើជិតដល់ពេលបោះឆ្នោតហើយ រដ្ឋបាលស្រុកភ្នំស្រួចធ្វើតែបែបៗនេះ តើប្រជាពលរដ្ឋគិតបែបណាទៅ ? ៕
ដោយ ៖ សិលា