ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពមកដល់គោលដៅចរាចរណ៍ស្ពានជ្រោយចង្វាត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ បែកធ្លាយករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូនៅម្ដុំរោងកុនអង្គរហើយគោលបំណងជិះទៅស្រុកកំណើតនៅខេត្តព្រៃវែង ដោយធ្វើដំណើរមិនពាក់មួកសុវត្ថិភាព ខណៈមកដល់ចំណុចគោលដៅចរាចរណ៍ គល់ស្ពានជ្រោយចង្វា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ បែកធ្លាយករណីលួចម៉ូតូវិញ។

ការឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងកាលពីម៉ោង ១១ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចគោលដៅចរាចរណ៍ គល់ស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ណាក់ នឿន អាយុ ១៦ ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណើតនៅឃុំពាមរូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ា នុត ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរដឹកម៉ាស៊ីនត្រជាក់ ឲ្យក្រុមហ៊ុនតាំងម៉េងលី មានស្រុកកំណើតនៅខេត្តព្រះវិហារ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានយកម៉ូតូសណ្តោងរ៉ឺម៉ក ទុកនៅមុខក្រុមហ៊ុន ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ម្ដុំរោងកុនអង្គរក្នុងសង្កាត់អូរឫស្សី ២ ខណ្ឌ ៧មករា ដូចសព្វមួយដង លុះដល់ម៉ោង៧ព្រឹក ទើបដឹងថាបាត់ម៉ូតូសណ្ដោងរ៉ឺម៉ក របស់ក្រុមហ៊ុនបន្ទាប់មកបានឆែកកាម៉ារ៉ាសុវត្ថិភាព ក៏បានឃើញនៅម៉ោង ២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២ ឃើញជនសង្ស័យចូលមកធ្វើសកម្មភាព ដោះកន្ទុយរ៉ឺម៉កចេញរួចកាច់ក.ម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល។ លុះដល់ម៉ោង ១១ព្រឹកថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានជិះម៉ូតូសណ្ដោងរ៉ឺម៉ក ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស មកដល់ការាសសាំងកាល់តិច មុខមន្ទីរពេទ្យកាល់ម៉ែតដោយម៉ូតូអស់សាំង ជនរងគ្រោះបានចូលទៅចាក់សាំង ខណៈកំពុងតែចាក់សាំង ស្រាប់តែប្រទះឃើញជនសង្ស័យ ជិះម៉ូតូរបស់ខ្លួនដែលបាត់កាលពីយប់ ក៏បានជិះម៉ូតូសណ្ដោងរ៉ឺម៉ក ដេញតាមពីក្រោយដោយជនសង្ស័យ ធ្វើដំណើរជិះម៉ូតូមួយគ្រឿងពណ៌ក្រហម Honda wave ពាក់ស្លាកលេខភ្នំពេញ1-lL-5360 មកដល់ចំណុចគល់ស្ពានជ្រោយចង្វា ចំណុចគោលដៅសមត្ថកិច្ចចរាចរណ៍ជើងគោក កំពុងអនុវត្តច្បាប់ចរាចរណ៍ ក៏បានប្រទះឃើញជនសង្ស័យ ដោយពុំបានពាក់មួកសុវត្ថិភាព ក៏ហៅឃាត់សួរនាំ ភ្លាមនោះត្រូវបានជនរងគ្រោះ មកដល់ក៏បានបែកធ្លាយរឿង ករណីកាច់កម៉ូតូតែម្ដង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចគោលដៅគល់ស្ពានជ្រោយចង្វាបានទាក់ទងទៅសមត្ថកិច្ចនគរបាលខណ្ឌ៧មករា មកនាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលអូរឬស្សី២ ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖