ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េឃ្លុបដឹកទំនិញជ្រុលបុករះម៉ូតូឡំប្រឺតានឹងរថយន្តកូរ៉ូឡាមិនទាន់អស់ល្បឿនក៏ឡើងសួនបុកបង្គោលភ្លើង១ដើមទៀតរងការខូចខាតទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកូរ៉េឃ្លុបដឹកទំនិញបុករះជាមួយនឹងម៉ូតូឡំប្រឺតា រថយន្តកូរ៉ូឡានិងជ្រុលឡើងលើសួនច្បារចែកទ្រូងផ្លូវបុកបង្គោលភ្លើងបណ្ដាលឱ្យរងការខូចខាតអស់មួយដើមចំណែករថយន្តខ្ទេចនៅខាងមុខទៅមុខលែងរួច។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ១០នាទីព្រឹក ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ មុខក្លោងទ្វារវត្តសំរោងអណ្តែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាគេបានឃើញ ម៉ូតូឡំប្រឺតាមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GR-2229 នឹងរថយន្តកូរ៉ូឡាពណ៌ខ្មៅ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ2N-6147 បានធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុ រថយន្តបង្កប្រភេទកូរ៉េឃ្លុបដឹកទំនិញពាក់ស្លាកលេខ ភ្នំពេញ 3D-0803 បានធ្វើដំណើរទិសដៅពីលិចទៅកើត បំណងបត់ស្ដាំតែក៏ជ្រុលទៅបុកម៉ូតូឡំប្រឺតានិងរថយន្តកូរ៉ូឡា រួចហើយមិនទាន់អស់ល្បឿនក៏ឡើងលើសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបុកបង្គោលភ្លើងទ្រេតខូចខាតអស់មួយដើមចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខទៅមុខលែងរួចតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះដល់ទីតាំងកន្លែងកើតហេតុនិងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងរង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖