ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបសន្យាដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកក្នុងពេលឆាប់ៗខាងមុខ

ចែករំលែក៖

កាលពីថ្ងៃទី៨ខែមេសា ក្នុងពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ប្រធានគណៈកម្មការអឺរ៉ុប (EU)លោកស្រី Ursula von der Leyen បានសន្យាថានឹងពន្លឿនដាក់អ៊ុយក្រែនចូលជាសមាជិករបស់សហគមន៍ អឺរ៉ុបក្នុងពេលឆាប់ៗខាងមុខ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែន ប្រធានគណៈកម្មការអឺរ៉ុប បានជួបពិភាក្សាជាមួយប្រធានាធិបតី Volodymyr Zelensky ក្នុងនោះក៏មានគម្រោងចូលជាសមាជិកអឺរ៉ុបរបស់អ៊ុយក្រែនផងដែរ។ លោកស្រី Ursula von der Leyen បានលើកឡើងថា អ៊ុយក្រែនបានឈានមួយជំហានទៀតក្នុងការចូលជាសមាជិកសហគមន៍អឹរ៉ុប ។ ជាមួយគ្នានេះដែរសហគមន៍អឺរ៉ុបក៏បានសម្រេចផ្តល់ជំនួយ១ពាន់លានដុល្លារ ក្នុងនោះមានបំពាក់អាវុធទំនើបៗដល់កម្លាំងទាហានអ៊ុយក្រែន ។
សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រសប្តាហ៍នេះបានសម្រេចបន្តឱ្យមាន វត្តមានមន្រ្តីទូតរបស់ខ្លួនប្រចាំទីក្រុងកៀវ ប្រទេសអ៊ុយក្រែនឡើងវិញ បន្ទាប់ពីបានផ្លាស់ប្តូរទៅកាន់ប្រទេសប៉ូឡូញជាបណ្តោះអាសន្ន ក្រោយការវាយប្រហាររបស់រុស្ស៉ី។
ប្រធានគណៈប្រតិភូអឺរ៉ុប ទទួលបន្ទុកកិច្ចការអ៊ុយក្រែន លោក Matti Maasikas រួមនឹងមន្រ្តីកំពូលរបស់ EU ផ្សេងទៀតបានធ្វើទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយនឹងបន្តស្ថិតនៅទីក្រុងកៀវ ដើម្បីវាយតម្លៃលើលក្ខខណ្ឌសម្រាប់មន្រ្តីទូតរបស់ខ្លួនក្នុងការត្រឡប់មកវិញ។ ដោយឡែកប្រមុខការទូតកំពូលរបស់អឺរ៉ុប លោក Josep Borrell បាននិយាយថា វិធានការនេះនឹងជួយបង្កើនទំនាក់ទំនងរបស់ប្លុកអឺរ៉ុបជាមួយរដ្ឋាភិបាលអ៊ុយក្រែន និងដើម្បីជួយដល់ពលរដ្ឋអ៊ុយក្រែន។

គួរបញ្ជាក់ថា គណៈប្រតិភូអឺរ៉ុប ត្រូវបានជម្លៀសចេញពីទីក្រុងកៀវ ទៅកាន់ទីក្រុង Rzeszow របស់ប៉ូឡូញភ្លាមៗ បន្ទាប់ពីរុស្ស៉ីបញ្ជូនកម្លាំងចូលវាយប្រហារទឹកដីអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូបថត​៖ ​Reuters

រូបថត​ ៖​ Twitter ông Josep Borell


ចែករំលែក៖