(តពីលេខមុន)
មិនថាប្រជាជនស្លូតត្រង់ មន្ត្រីរាជការ សិស្សានុសិស្ស ឬព្រះសង្ឃនោះឡើយ កងទ័ពខ្មែរក្រហមបានស្រែកតាមឧគ្ឃោសនស័ព្ទម្ដងហើយម្ដងទៀតប្រាប់ថា ” បងប្អូនពុកម៉ែ មាមីង និងសមមិត្តទាំងអស់ត្រូវតែប្រញាប់ចាកចេញពីក្រុងភ្នំពេញដាច់ខាត ចេញតែមួយថ្ងៃទេ ចាំត្រឡប់មកវិញព្រោះអាម៉េរិកាំងមកទម្លាក់គ្រាប់បែកឥឡូវហើយ! ។ ស្រែកបណ្តើរ ឯដៃទាំងពីរកាន់កាំភ្លើងកេះកៃបាញ់រះគំរាមបណ្ដើរ ទោះអ្នកណាត្រូវគ្រាប់កាំភ្លើងស្លាប់ក៏ស្លាប់ទៅព្រោះគេធ្វើតាមបញ្ជាអង្គការថ្នាក់លើ។ សកម្មភាពទាំងនេះហើយតើអ្នកណាមិនតក់ស្លុត? តើអ្នកណាមិនភ័យ? តើអ្នកណាហ៊ានក្អកឬប្រប្រកែកក្រាញននៀលមិនចាកចេញពីក្រុងភ្នំពេញ?
ទីបំផុត ប្រជាជនក្រុងភ្នំពេញជាងបីលាននាក់ ត្រូវតែបង្ខំចិត្តចាកចេញពីក្រុងភ្នំពេញទាំងទឹកភ្នែកគ្មានសល់ម្នាក់។ សូម្បីតែចាស់ជរាដើរមិនរួច អ្នកពិការដៃជើងខ្វិនខ្វង់ និងអ្នកមានជំងឺធ្ងន់ធ្ងរកុំពុងដេកក្នុងមន្ទីរពេទ្យក៏អង្គការអាវខ្មៅមិនប្រណីដែរ ត្រូវតែឲ្យចេញ ចេញជាបន្ទាន់ ចេញដាច់ខាត ហើយបើមិនព្រមចេញទេ កុំថាអង្គការចិត្តកំណាច។ ជាងនេះទៅទៀតកុំថាឡើយតែជនជាតិខ្មែររស់នៅក្រុងភ្នំពេញ សូម្បីជនជាតិបរទេសជាមន្ត្រីអង្គការមនុស្សធម៌អង្គការស៊ីវិលនានាមកជួយប្រទេសកម្ពុជា ឬមិនថាមន្ត្រីការទូតស្អីនោះទេ ដាច់ខាតអង្គការតម្រូវត្រូវតែឱ្យចាកចេញព្រោះនេះជាបញ្ជារបស់អង្គការ។
មើលចុះ នៅគ្រប់ទិសទាំងប្រាំបីនៃក្រុងភ្នំពេញ មនុស្សណែនណាន់តាន់តាប់កំពុងប្រជ្រៀតគ្នាធ្វើដំណើរចាកចេញពីលំនៅដ្ឋានដែលធ្លាប់រស់នៅរៀងៗខ្លួន។ ម្នាក់ៗមានភាពក្តុកក្តួលរំជួលចិត្តឥតឧបមា ព្រោះបានបង្ខំចិត្តចាកចេញពីទ្រនំដ៏សុខសាន្តធ្លាប់រស់នៅជួបជុំគ្រួសារ។ នៅតាមដងផ្លូវដែលត្រូវធ្វើដំណើរចាកចេញ គេឃើញម្នាក់ម្នាក់ទូលបង្វិវនិងមាន អម្រែករែកចានឆ្នាំង ភួយ មុង កន្ទេល ខ្នើយសម្លៀកបំពាក់និងស្បៀងអាហារតាមលទ្ធភាពយកទៅរួច។ ក៏មានខ្លះទៀតបណ្ដើរកង់ម៉ូតូ និងរុញរថយន្តកាត់ហ្វូងមនុស្សចង្អៀតដូចស្រមោចពោរពេញក្នុងដំណើរយឺតៗដូចក្តាមវារ រួមជាមួយសំឡេងទ្រហឹងដូចចាបចូលសំបុកស្ដាប់គ្នាមិនបាន។ សម្រាប់កុមារតូចៗ និងទារកដែលទើបនឹងកើតមិនទាន់ដឹងក្តីវិញពួកគេកំពុងត្រូវម្តាយពនៅលើចង្កេះ និងខ្លះទៀតដាក់ក្នុងថ្នក់ក្រមារស្ពាយដូចទំនិញ ព្រមជាមួយសំឡេងស្រែកយំទាររកបៅយ៉ាងទ្រហឹង។
ខ្ញុំជាយុវជនម្នាក់រៀននៅវិទ្យាល័យប្រូវីដង្ស ក៏ជាសមាជិកប្រជាជនម្នាក់រស់នៅក្រុងភ្នំពេញក្នុងចំណោមប្រជាជនរាប់លាននាក់ដែលត្រូវធ្វើដំណើរចាកចេញពីក្រុងភ្នំពេញតាមបញ្ជាអង្គការអាវខ្មៅនឹងគេដែរ។ ខ្ញុំមានសមាជិកគ្រួសារទាំងអស់ ១១ នាក់ក្នុងនោះមានឪពុកម្ដាយជរាបងប្រុសជាគ្រូបង្រៀន បងថ្លៃស្រី បងស្រីនិងបងប្រុសបង្កើតពីរនាក់ជានិស្សិត និងក្មួយក្មួយ ៣ នាក់ទៀតនៅតូចដែលរស់នៅម្ដុំមន្ទីរពេទ្យព្រះសង្ឃ។ គ្រួសារខ្ញុំបានដាច់ចិត្តចាកចេញពីផ្ទះតាមការបញ្ជារបស់អង្គការយ៉ាងដាច់ណាត់នៅវេលាម៉ោង ២ រសៀលថ្ងៃ ១៨ មេសាឆ្នាំ ១៩៧៥ បន្ទាប់ពីបានស្នាក់នៅជាមួយកងទ័ពរំដោះចូលក្រុងភ្នំពេញបានតែមួយយប់ប៉ុណ្ណោះ។(នៅមានត)
ពិនិត្យស្រាវជ្រាវដោយ÷ចៅតាជេត