ខេត្តក្រចេះ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា, ដើម្បីលោកយាយ លោកតា ពុក ម៉ែ មា មីង បងប្អូន ក្រោមពន្លឺថ្ងៃបាន ខ្ញុំក៏អាចនៅជាមួយគ្នាបានដែរ។ លោកថ្លែងបែបនេះ ខណៈលោកយាយ លោកតា ពុក ម៉ែ មា មីង បងប្អូន ចង់អោយលោកឈរនៅកន្លែងម្លប់ក្នុងកម្មវិធី។
លោកតា ពុក ម៉ែ មា មីង បងប្អូនបាននិយាយថា, “…ឯកឧត្តមឈរទៅមុខតែបន្តិចទៀតទៅ បានម្លប់ត្រជាក់ហើយ…”។ ទើបលោក ហ៊ុន ម៉ានី មានប្រសាសន៍ ខ្ញុំថា សម្រាប់ខ្ញុំ ប្រសិនបើពុក ម៉ែ មា មីង បងប្អូនអាចនៅក្រោមពន្លឺថ្ងៃបាន ខ្ញុំក៏អាចនៅជាមួយគ្នាបានដែរ។ ថ្ងៃនេះ ខ្ញុំទៅវិញទេដែលមានកិត្តិយស មានឱកាស និងមានក្តីសោមនស្សរីករាយដែលបានជួបជាមួយ លោកយាយ លោកតា ពុក ម៉ែ មា មីង បងប្អូននៅខេត្តក្រចេះនាព្រឹកនេះ។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងបន្តថា, ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានសហការជាមួយអាជ្ញាធរខេត្តក្រចេះដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តក្រចេះ ដែលជានិច្ចកាល ក្រុមការងារគ្រូពេទ្យយើងតែងតែចុះពិនិត្យព្យាបាលប្រជាពលរដ្ឋរាល់ពេលសម្រាកចុងសប្តាហ៍តាមបណ្តារាជធានីខេត្ត មិនថាជិត ឬឆ្ងាយ ដែលសរុបមកមិនតិចជាង៥៥០ ដងនោះទេ។ ខ្ញុំពិតជាសូមកោតសរសើរ និងសូមថ្លែងអំណរគុណចំពោះ ការលះបង់ ការចែករំលែក ការខ្វល់ខ្វាយពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ពួកយើងទាំងអស់គ្នាមិនដែលទៅណាចោលប្រជាជនទេ។ កាលៈទេសៈកាន់តែលំបាក ពួកយើងកាន់តែនៅក្បែរជាមួយពុក ម៉ែ មា មីង បងប្អូន ៕
ដោយ ៖ សុខ ខេមរា