ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត រឿងបនល្បែង ! ដោយបញ្ជាក់ថា, សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា “ដំណឹងល្អ! ចាក់ភ្នាល់ ជល់មាន់ តាមអនឡាន មានចាប់រង្វាន់ រៀងរាល់ដើមខែ នៅឯខណ្ឌដង្កោ” ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចុះត្រួតពិនិត្យករណីនេះ ។
នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយគណ:បញ្ជាការឯកភាពសង្កាត់ដង្កោ បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង ណេត វីអេ ២៨៨៨ តាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ជាលទ្ធផលពុំឃើញមានការបើកចាក់ភ្នាល់ជល់មាន់ តាមអនឡាញដូចការចុះផ្សាយរបស់សាព័ត៌មានមួយចំនួននោះទេ ហើយអាជីវកម្មណេតខាងលើក៏មានលិខិតអនុញ្ញាតពីក្រសួងព័ត៌មានត្រឹមត្រូវ។ ចំណែកឯហឹបឆ្នោតនោះគឺម្ចាស់អាជីវកម្មបានដាក់ឲ្យអតិថិជនដែលមកលេង ធ្វើការចាប់រង្វាន់រៀងរាល់ដើមខែម្តង។
បន្ទាប់ពីការចុះដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យរួច កម្លាំងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង មិនឲ្យមានបើកលេងល្បែងស៊ីសងក្នុងទីតាំងនេះ បើសិនក្នុងករណីម្ចាស់ទីតាំងមិនគោរពតាមកិច្ចសន្យា កម្លាំងនិងធ្វើការបង្រ្កាប និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ សិលា