ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកបន្ទាយស្រី ៖ «ដើរលេងចូលឆ្នាំនៅភូមិព្រះដាក់ឆ្នាំនេះ ដោយមិនប្រើប្រាស់ថង់ប្លាស្ទិក»

ចែករំលែក៖

ខេត្តសៀមរាប ៖ ដោយបានទទួលការស្ម័គ្រចិត្តចូលរួមពីសំណាក់បងប្អូនអាជីវករ និងអ្នកលក់ដូរទាំងអស់នៅលើដងផ្លូវឆ្លងកាត់ភូមិព្រះដាក់ រដ្ឋបាលស្រុកបន្ទាយស្រី រួមទាំងរដ្ឋបាលឃុំព្រះដាក់នឹងសាកល្បងបើកយុទ្ធនាការ«ព្រះដាក់គ្មានថង់ប្លាស្ទិក»សម្រាប់រយៈពេលពេញ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ពោលគឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះតែម្តង។ នេះជាការលើកឡើងរបស់ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។

លោកអភិបាលស្រុកបន្តថា, ដោយសង្កេតឃើញថា សំរាមតែងតែមានការកើនឡើងយ៉ាងគំហុកនៅរៀងរាល់ពេលមានបុណ្យទានធំៗ ជាពិសេសគឺប្រភេទសំបកវេចខ្ចប់ប្លាស្ទិកនេះតែម្តង ដែលភាគច្រើនត្រូវបានបោះចោលរាយប៉ាយយ៉ាងឥតសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈនានាដោយភ្ញៀវទេសចរមកពីចម្ងាយ រដ្ឋបាលស្រុកបន្ទាយស្រីសម្រេចជ្រើសយកឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីលើកទឹកចិត្តឱ្យអ្នកភូមិព្រះដាក់ចាប់ផ្តើមមានទម្លាប់បដិសេធការប្រើប្រាស់ថង់ប្លាស្ទិក និងលើកកម្ពស់ការយល់ដឹងពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងចំណោមភ្ញៀវទេសចរដែលបានឆ្លងកាត់ភូមិព្រះដាក់ ក៏ដូចជាក្រើនរំលឹកកុំឱ្យមានការបោះចោលសំរាមពាសវាលពាសកាលនៅតាមភូមិដ្ឋាននានានៅក្នុងស្រុកបន្ទាយស្រី។

បងប្អូនអាជីវករអ្នកលក់ដូរនៅក្នុងភូមិព្រះដាក់ ដែលភាគច្រើនជាអ្នកលក់មាន់អាំងកង្កែបបោប នឹងងាកមកប្រើស្លឹកឈូក ស្លឹកចេក និងខ្សែសង្វារចេកសម្រាប់ការវេចខ្ចប់ជំនួសវិញ ដែលជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់បរិស្ថាន ក៏ដូចជាបានជួយគាំទ្រដល់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។ តូប ឬហាងណាដែលអនុវត្តបានល្អជាងគេ ហើយអាចផ្តល់ភាពជាគំរូដល់អ្នកដទៃបាន នឹងទទួលបានបណ្ណសសើរ និងរង្វាន់លើកទឹកចិត្តពីរដ្ឋបាលស្រុកនៅក្រោយពេលបញ្ចប់កម្មវិធី។ ចាំជួយប្រាប់ខ្ញុំផង ថាពួកគាត់អនុវត្តបានល្អតាមការប្តេជ្ញាចិត្តបានកម្រិតណា ហើយជួយបដិសេធផងបើមានអ្នកលួចប្រើប្រាស់។ 

លោក ឃឹម ហ្វីណង់លើកឡើងថា, ឆ្លៀតក្នុងឱកាសជួបជុំពិភាក្សាជាមួយសហគមន៍ ខ្ញុំក៏បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យត្រៀមខ្លួនចូលរួមទទួលកម្មវិធីសៀមរាបសង្ក្រាន្តរបស់រដ្ឋបាលខេត្តសៀមរាប ក៏ដូចជាព្រឹត្តិការណ៍ដង្ហែក្បួនទីមោងយក្សនៅក្នុងភូមិព្រះដាក់ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដែលសុទ្ធសឹងតែជាកម្មវិធីដែលអាចទាក់ទាញអ្នកទេសចរមកលេងដល់ភូមិព្រះដាក់បានច្រើន ហើយគួរតែប្រុងប្រៀបរៀបចំលក់ដូរជានំចំណី ម្ហូបអាហារ និងផលិតផលក្នុងភូមិផ្សេងៗទៀត ដែលជាឱកាសស្វែងរកប្រាក់ចំណូលបន្ថែម ដើម្បីលើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រួសារផងដែរ។ 

លោកថ្លែងទៀតថា, ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំក៏បាននាំយកផ្កាក្ងោកតូចជាង ២០០ដើម ដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជន ចែកជូនដល់បងប្អូនអ្នកភូមិទុកដាំតាមមុខផ្ទះ និងបានសំណូមពរឱ្យពួកគាត់ជួយរៀបចំបរិស្ថាននៅតាមមុខផ្ទះរៀងៗខ្លួន និងភូមិដ្ឋានទាំងមូលឱ្យបានល្អស្អាត ជាពិសេសលើការគ្រប់គ្រងសំរាម ទាំងការសម្អាតត្រៀមមុនពេលចូលឆ្នាំ ការថែរក្សាភាពស្អាតក្នុងអំឡុងពេលចូលឆ្នាំ និងការបោសម្អាតក្រោយពេលចូលឆ្នាំកន្លងផុតទៅ ឱ្យស័ក្តិសមនឹងកេរ្តិ៍ឈ្មោះជាភូមិបេតិកភណ្ឌ ភូមិទេសចរណ៍ ភូមិគំរូលើការងារបរិស្ថាន៕


ដោយ ៖ សិលា


ចែករំលែក៖