ខេត្តកំពង់ឆ្នាំង ៖ ទិដ្ឋភាពទូទៅដើម្បីត្រៀមទទួលវត្តមានរបស់ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលនឹងអញ្ជើញជួបសំណេះសំណាលជាមួយពុក ម៉ែ បងប្អូន ប្រជាកសិករក្នុងឱកាសពិធី«បុណ្យដារលានប្រពៃណីកសិករខ្មែរ» នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នេះជាការបញ្ជាក់ពីផេកផ្លូវការ របស់ សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
ផេកផ្លូវការ របស់ សហភាពសហព័ន្ធយុវជនកម្ពុជាបានបន្តថា, បុណ្យដារលាន ឬប្រជាពលរដ្ឋមួយចំនួនហៅថាបុណ្យភូមិគឺជាប្រពៃណីទំនៀមទម្លាប់មួយត្រូវបានបណ្ដាអ្នកស្រុក ស្រែចម្ការ តែងតែរៀបចំជារៀងរាល់ឆ្នាំនៅចន្លោះពីខែមករា ដល់ខែមីនា ទៅតាមភូមិនីមួយៗដើម្បីជាការរំឮកដឹងគុណដល់ទឹក ដី និងអាកាសធាតុសម្រាប់ការបង្កបង្កើនស្រូវ។
សូមបញ្ជាក់ថា, ពិធីបុណ្យដារលានត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ បន្ទាប់ពីប្រជាកសិករប្រមូលផលស្រូវរួចរាល់។ ប្រជាពលរដ្ឋក្នុងភូមិទាំងមូលបានមូលមតិគ្នារៀបចំពិធីនេះធ្វើឡើងដើម្បីបង្កើតនូវភាពសប្បាយរីករាយ ការជួបជុំបន្ទាប់ពីការនឿយហត់ពីការប្រមូលផលស្រូវ និងបង្កើនភាពស្និទ្ធស្នាលររបស់អ្នកភូមិ ជាពិសេសបង្ហាញអោយឃើញពីផលស្រូវដែលពួកគាត់ទទួលបាន។ពីធីបុណ្យនេះក៏មានការនិមន្តព្រះសង្ឃសូត្រមន្តដើម្បី សូមសិរីសួស្ដីជូនដល់ពលរដ្ឋ ក៏ដូចជាសូមការបង្កបង្កើនស្រូវឱ្យបានផលច្រើនរាល់ឆ្នាំ និងក៏មានរាប់បាត្រឆ្លងផងដែរ ៕
ដោយ ៖ សិលា