ព័ត៌មានទាន់ហេតុការណ៍៖

AC Milan បន្តកាន់កាប់កំពូលតារាង Serie A ក្រោយស្មើ Torino

ចែករំលែក៖

ក្រុម AC Milan បន្តកាន់កំពូលតារាង Serie A ខណៈដែលក្រុមនេះបានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Torino នៅកីឡដ្ឋាន Stadio OlimpicoGrande កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសានេះ ដោយបានបន្តឈ្នះក្រុមលេខ២ចំនួន២ពិន្ទុ។

Olivier Giroud អតីតខ្សែប្រយុទ្ធ Arsenal និង Chelsea មានឱកាសក្នុងការស៊ុតបាល់បញ្ចូលទីទៅលើក្រុមម្ចាស់ផ្ទះ ប៉ុន្តែនៅតែមិនអាចចូលសំណាញ់ទីបាន ដោយសារអ្នកចាំទី និងខ្សែការពារជួយសង្គ្រោះបាន។ ក្រុមAC Milan នៅតែឈរកំពូលតារាង ប៉ុន្តែក្រុមលេខ២ Inter Milan នៅសល់១ប្រកួតនៅក្នុងដៃទៀតដើម្បីប្រជែងកំពូលតារាងលីគកំពូលអុីតាលីវិញ។

ក្រុមភ្ញៀវមានឱកាសស៊ុតចំគោលដៅត្រឹមតែ២គ្រាប់ ហើយព្យាយាមស្វែងរកគ្រាប់បាល់ដោយគ្មានខ្សែប្រយុទ្ធវ័យចំណាស់ Zlatan Ibrahimovic ចូលលេងនោះទេ។ ចំណែកក្រុម Torino ក៏មានកីឡាករ Andrea Belotti មានឱកាសស៊ុតដែរ ប៉ុន្តែត្រូវបានជួយសង្គ្រោះដោយអ្នកចាំទីក្រុម AC Milan។

លទ្ធផលនេះធ្វើឲ្យក្រុម AC Milan ឈរកំពូលតារាងមាន៦៨ពិន្ទុ ក្នុង៣២ប្រកួត ខណៈក្រុមលេខ២ Inter Milan ឈរលេខ២ មាន៦៦ពិន្ទុ ក្នុង៣១ប្រកួត។ ចំណែកក្រុមលេខ៣ Napoli មាន៦៦ពិន្ទុដែរ ក្នុង៣២ប្រកួត និង Juventus ឈរលេខ៤ មាន៦២ពិន្ទុ ក្នុង៣២ប្រកួតដូចគ្នា។

ក្រុម AC Milan នឹងត្រូវប៉ះក្រុមភ្ញៀវ Genoa នៅថ្ងៃទី១៦ ខែមេសាខាងមុខ ខណៈដែលក្រុម Torino ក៏ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Lazio នៅថ្ងៃទី១៧ ខែមេសា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖