ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថែទាំនិងព្យាបាលទារកស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយរបស់អង្គការកូហ្វី(KOFIH) របស់សាធារណរដ្ឋកូរ៉េ។
ពិធីនេះធ្វើឡើងក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង, លោកវេជ្ជបណ្ឌិត គីម សាំងយ៉ុន តំណាងប្រចាំប្រទេសរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ។
លោកវេជ្ជបណ្ឌិត គីម សាំងយ៉ុន តំណាងប្រចាំប្រទេសរបស់មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអត្រាមរណភាពរបស់ទារកអាយុក្រោម៥ឆ្នាំនៅកម្ពុជាមានការថយចុះយ៉ាងឆាប់រហ័ស ដែលនេះជាការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទាក់ទងនឹងអត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ យើងត្រូវឆ្ពោះទៅមុខជាមួយនិងគុណភាពនៃការថែទាំកុមារ និងទារកដែលទើបនឹងកើតឱ្យកាន់តែប្រសើរឡើងនៅក្នុងគ្រឹះស្ថានសុខាភិបាលសាធារណៈ។
លោកវេជ្ជបណ្ឌិតបន្តថា: មូលនិធិកូរ៉េសម្រាប់ថែទាំងសុខភាពអន្តរជាតិ ហៅកាត់ថាកូហ្វី (KOFiH) គឺជាភ្នាក់ងារជំនួយផ្លូវការដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលនៃសាធារណរដ្ឋកូរ៉េនិងកំពុងធ្វើការគាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជាឱ្យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រជាតិផ្នែកសុខភាពមាតានិងទារកព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកថា ខេត្តចំនួន១២ ក្នងនោះមានខេត្តស្ទឹងត្រែងយើងផងដែរ បានបង្ហាញពីឆន្ទៈមុតមាំក្នុងការកែលម្អ ថែទាំទារកទើបនឹងកើត ហើយកូហ្វីបានសម្រេចចិត្តគាំទ្រ មិនត្រឹមតែសម្ភារបរិក្ខារវេជ្ជសាស្ត្រសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ទាំងអគារថែទាំទារកផងដែរ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថ្លែងអំណរគុណដល់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ ហៅកាត់ថាកូហ្វី (KOFIH) ដែលបានផ្តល់ទាំងសម្ភារបរិក្ខារ និងអគារសម្រាប់ថែទាំទារកដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដែលនេះជាចំណងដៃថ្មីមួយសម្រាប់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ហើយនេះក៏ជាសមិទ្ធផលថ្មីមួយទៀតដែលជាការរីកចម្រើននៅក្នុងវិស័យសុខាភិបាល ស្របពេលដែលប្រជាជននិងវិស័យសុខាភិបាលកំពុងត្រូវការជាចាំបាច់សម្រាប់សុខភាពគ្រប់ៗគ្នា។
លោកអភិបាលខេត្តបន្តថា: រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងគិតគូរយ៉ាងខ្លាំងក្លាបំផុតលើផ្នែកសុខាភិបាល ដែលក្នុងនោះក៏បានដឹកនាំគិតគូរអំពីការកសាងនូវមន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពនៅថ្នាក់តំបន់ នៅមូលដ្ឋានដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយអគារថ្មីនេះជាផ្នែកមួយដែលប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទទួលបានសម្រាប់ទ្រទ្រង់ថែទាំសុខភាពផ្នែកកុមារនិងទារកក្នុងខេត្ត ជាការផ្តល់សេវាសាធារណៈ និងសេវាសុខាភិបាលឲ្យកៀកនឹងប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោក ស្វាយ សំអ៊ាង បានណែនាំដល់មន្ត្រី និងបុគ្គលិកសុខាភិបាលត្រូវខិតខំប្រឹងប្រែងអនុវត្តការងារ បម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋឱ្យបានល្អ ប្រើប្រាស់អគារថ្មីទើបទទួលបាននាពេលឲ្យចំទិសដៅនិងមានប្រសិទ្ធភាព ជាពិសេសអនុវត្តឱ្យបាននូវក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាលរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា អគារថែទាំនិងព្យាបាលទារកដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះចាប់ផ្តើមសាងសង់នៅដើមខែមករា ឆ្នាំ២០២១ និងហើយរួចរាល់ជាស្ថាពរនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ៕
ដោយ៖ មាស សុផាត