ព័ត៌មានទាន់ហេតុការណ៍៖

រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  អស់រយៈពេលជិតមួយខែ គ្រួសារខ្ញុំធ្វើដំណើរឆ្លងកាត់តំបន់រំដោះស្អីគេនោះ ទើបទៅដល់ស្រុកកំណើតក្នុងតំបន់ ២៣ នៃភូមិភាគបូព៌ា គឺនៅភូមិអាគ្រាជ ឃុំព្រៃឈរ ស្រុកកំពង់ត្របែកខេត្តព្រៃវែង ដោយឆ្លងកាត់វាលចូលព្រៃកាត់ព្រៃចូលវាលតែធ្វើដំណើរតែពេលយប់ព្រោះពេលថ្ងៃមានកម្ដៅក្តៅហែងជារដូវប្រាំង។ ទីបំផុតគ្រួសារខ្ញុំត្រូវដាច់ស្បៀងអាហារនាំគ្នាដើររើសពោត មើមដំឡូង មកស្ងោរជំនួសបាយ។ ឃើញថា រយ:ពេលជិតមួយខែមកនេះ បានធ្វើឲ្យគ្រួសារខ្ញុំបានស្គាល់នឹងយល់ពីវប្បធម៌ការនិយាយស្ដីនិងការរស់នៅជាប្រជាជនបដិវត្តន៍ក្នុងតំបន់រំដោះផងដែរ។

  គ្រាន់តែមកដល់ស្រុកកំណើតមិនទាន់បានប៉ុន្មានផង ស្រាប់តែកម្មាភិបាលភូមិ បានចុះមកស្រង់ស្ថិតិសួរនាំអំពីនិន្នាការនយោបាយគ្រួសារខ្ញុំ និងគ្រួសារថ្មីឯទៀត។ អ្វីដែលជាការសំខាន់នោះអង្គការចង់បានគ្រួសារជាប់និន្នាការធ្វើទាហានលន់ នល់ និងមន្ត្រីរាជការជាន់ខ្ពស់ដើម្បីយកទៅរៀនសូត្រ ហើយភាសារៀនសូត្រនេះត្រូវបានប្រជាជនមូលដ្ឋានលួចសម្រាយឲ្យដឹងថាមិនមែនរៀនសូត្រអក្សរឬច្បាប់ក្បួនស្អីនោះទេ គឺយកទៅដាក់គុក ធ្វើបាបនិងសម្លាប់ចោលជាការសងសឹក ពេលកម្មាភិបាលបដិវត្តន៍ខំតស៊ូក្នុងព្រៃទាំងលំបាកវេទនា ខំបូជាជីវិតរាប់មិនអស់ប្រឆាំងពួកចក្រពត្តិអាមេរិក ហើយពួកជាប់និន្នាការទាំងនេះបែរជាចូលដៃជាមួយចក្រពត្តិទៅវិញ។

  ជាមួយគ្នានេះដែរ អង្គការបែងចែកវណ្ណៈប្រជាជនជាបីប្រភេទ គឺទី ១ ប្រជាជនជម្លៀស(ប្រជាជនជម្លៀសមកពីទីក្រុង)ទី២ សន្តិសម្ព័ន្ធ(អ្នកមាននិន្នាការក្នុងរបបលន់ នល់ តែរស់នៅក្នុងតំបន់រំដោះ)និងទី ៣ ប្រជាជនមូលដ្ឋាន(ប្រជាជនតស៊ូរស់នៅក្នុងតំបន់រំដោះដែលខ្មែរក្រហមកាន់កាប់)។

  គ្រួសារខ្ញុំស្ថិតនៅក្នុងចំណាត់ថ្នាក់ប្រភេទទី១ ហើយត្រូវបានអង្គការសង់ខ្ទមតូចមួយឲ្យរស់នៅក្រោមការឃ្លាំមើលរបស់កម្មាភិបាលខ្មែរក្រហម។ ក្រោយមក អង្គការបានបង្កើតជាសហករណ៍ ហូបរួម សម្បត្តិរួមពោលគឺឲ្យមានវណ្ណៈស្មើភាពគ្នាតែមួយ គ្មានអ្នកមាន គ្មានអ្នកក្រគ្មានកម្មសិទ្ធិឯកជនមានតែកម្មសិទ្ធិសមូហភាពប៉ុណ្ណោះ។គ្រួសារខ្ញុំ មួយនេះក៏ដូចគ្រួសារទីក្រុង ឯទៀតដែរ ត្រូវបានអង្គការឲ្យធ្វើពលកម្មជាសមូហភាព។អ្នកមានវ័យចាស់ជរាដូចឪពុកខ្ញុំអង្គការមិនឱ្យទំនេរទេដោយវេញខ្សែគោក្របី ឯយាយៗត្រូវមើលចៅ។ ចំណែកអ្នកពេញវ័យជាយុវជនពេញកម្លាំងដូចរូបខ្ញុំអង្គការចាត់ទុកថា ជាយុវជនឈានមុខ ត្រូវរ៉ាប់រងការងារធ្ងន់ៗនិងកុមារតូចដូចក្មួយខ្ញុំវិញ អង្គការឱ្យកាត់ស្លឹកឈើនិងកើបអាចម៍គោ ក្របី ធ្វើជីដាក់ស្រែចម្ការ។ ល។ ដោយគ្មានពេលវេលាកំណត់ ការរស់នៅជាសមូហភាពក៏តម្រូវការហូបចុកជារួម ហូបបាយក្នុងរោងតែមួយឆ្នាំងបាយសម្លតែមួយ និងមានរបបកំណត់ស្មើគ្នា បានន័យថា បើហូបបបរមួយវែកត្រូវមួយវែកដូចគ្នា មិនលើស ហើយក៏មិនខ្វះឡើយ និងហូនមានតែពីរពេលប៉ុណ្ណោះ បើអ្នកណាហ៊ានតវ៉ាឬប្រកែកត្រូវអង្គការបង្អត់របបហូបឬយកទៅរៀនសូត្រ ពោលគឺយកទៅសម្លាប់ចោលតែម្ដង។ ច្បាប់និងក្រិត្យក្រមការរបស់អង្គការបែបនេះ ត្រូវបានអនុវត្តទូទាំងប្រទេសហើយគ្មានបុគ្គលណាហ៊ានប្រកែកនោះទេ សូម្បីកម្មាភិបាលខ្មែរក្រហមខ្លួនឯងរឹតតែប្រតិបត្តិនិងអនុវត្តតាមខ្លាំងជាងប្រជាជនសាមញ្ញទៅទៀត។ (នៅមានត)

ពិនិត្យស្រាវជ្រាវដោយ÷ចៅតាជេត


ចែករំលែក៖