ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្រី៣នាក់របួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នានៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគូទគ្នាពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវលេខ 3SVR1 ស្ថិតនៅភូមិត្រពាំងបុណ្យ  ឃុំព្រៃគគីរ ស្រុកចន្រ្ទា។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកបើកបង្កហេតុមានឈ្មោះ ខាន់ សីម៉ា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះ អៀង មករា ភេទ ស្រី អាយុ ៥ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិត្រពាំងបុណ្យ  ឃុំព្រៃគគីរ ស្រុកចន្រ្ទា ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស។េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១P-៥៩២២។

ចំណែកភាគីរងគ្រោះមានឈ្មោះ ឃឹម ចាន់ថន ភេទ ស្រី អាយុ ៤៧ឆ្នាំ មុខរបរកសិករមានទីលំនៅបច្ចុប្បន្នភូមិកោះគោ  ឃុំព្រៃគគីរ ស្រុកចន្រ្ទាជិះម៉ូតូម៉ាក ហុងដាវ៉េវ អាល់ហ្វា គ្មានស្លាកលេខខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានមនុស្សស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១P-៥៩២២ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងខណៈនោះដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុកគូទម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ អាល់ហ្វា គ្មានស្លាកលេខធ្វើដំណើរស្របគ្នាពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

បច្ចុប្បន្នអ្នករងរបួសទាំង៣នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូ   រីឯម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគគីរដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖