ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែមេសា ឆ្នាំ២០២២នេះ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ពិសេស ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ សូមគ្រងរក្សាប្រោះព្រំសព្ទសារធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរ ជូនបងប្អូនជនរួមជាតិបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបងប្អូនកូនក្មួយទាំងអស់ ទទួលបានភាពសប្បាយរីករាយគ្រប់ក្រុមគ្រួសារ នៅក្នុងឱកាសឈប់សម្រាកនាពេលនេះនិងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរកម្សាន្តជិតឆ្ងាយ។ សូមបងប្អូនកូនក្មួយទាំងអស់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយចេះអធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងការបើកបរលើដងផ្លូវ។
ទន្ទឹមនឹងនេះ សម្ដេច ហេង សំរិន ក៏បានអំពាវនាវកុំភ្លេចការពារសុខភាព គោរពវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជូនមិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះថាជំងឺកូវីដ-១៩ នៅតែជាក្តីបារម្ភរបស់សកលលោកនៅឡើយ ទោះបីព្រះរាជាណាចក្រកម្ពុជាយើង បានធូរស្រាល ដែលអាចឲ្យយើងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បានឡើងវិញនាពេលនេះក្តី។
ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសយុទ្ធសាស្រ្តវ៉ាក់សំាង ដែលបានចាក់ជូនពលរដ្ឋទាំងក្មេងទាំងចាស់បានយ៉ាងច្រើនលើសលប់ ធ្វើឲ្យយើងអាចបើកសង្គមនិងសេដ្ឋកិច្ចឡើងវិញ ជាពិសេសយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនាពេលនេះបាន ក្រោយពីបានអាក់ខានរយៈពេលពីរឆ្នាំមកនោះ។
ក្រោមម្លប់សុខសន្តិភាព ឃើញថាប្រជាលរដ្ឋយើងបានធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយនៅទូទាំងប្រទេស៕
ដោយ៖ស តារា