ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយធ្វេសប្រហែសស្លាប់ក្មេងប្រុសស្រី២នាក់ដោយលង់ទឹកបៀរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការស្រែកទ្រហោយំពីសំណាក់ឪពុកម្ដាយក្មេងប្រុសស្រី ២ នាក់បន្ទាប់ពីមានការធ្វេសប្រហែស កូនបានទៅលេងបណ្ដាលលង់ទឹកបៀរស្លាប់គួរឲ្យអាសូរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ១៣ខែមេសាឆ្នាំ ២០២២ នៅត្រង់ចំណុចភូមិថ្មី ឃុំជ្រៃធំស្រុករមាសហែក ។

សមត្ថកិច្ចនគរបាលស្រុកបានដឹងថាក្មេងប្រុសដែលស្លាប់មានឈ្មោះ គង់ ណាត់ អាយុ ៤ ឆ្នាំមានឪពុកឈ្មោះ សុិន សាមន អាយុ ៤៣ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ ចិន ម៉ារ៉ាត អាយុ ៣៨ឆ្នាំមុខរបរកសិកររស់នៅ ភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែកខេត្តស្វាយរៀង។

ចំណែកក្មេងស្រីរងគ្រោះទី២មានឈ្មោះ ហ៊ាង ពិសី អាយុ ៦ ឆ្នាំមានឪពុកឈ្មោះ ចិន ផយ អាយុ ៤២ ឆ្នាំមុខរបរ កសិករនិងម្ដាយឈ្មោះ ប្រាក់ ចាន់ថន អាយុ ៣៩ឆ្នាំមុខរបរកសិករ រស់នៅភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានដឹងថាមុនពេលកើតហេតុមានក្មេងប្រុសស្រី២ នាក់បានរត់ប្រលែងគ្នាលេង ដោយឪពុកម្ដាយជាប់រវល់បានទុកឱ្យកូនទាំង២ដើរលេងលើដីជាមួយគ្នាមិនបានចាប់អារម្មណ៍នោះទេ។

ក្រោយប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលថាកូនប្រុសស្រីទាំងពីរនាក់បានលង់ទឹកបៀរស្លាប់បាត់ហើយបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ ដោយសារលង់ទឹកបៀរប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ ទើបបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕

ដោយ៖យឹម សុថាន


ចែករំលែក៖