ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសាររថយន្តនិងម៉ូតូបុកគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោងជិត១០យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោល គីឡូម៉ែត្រ លេខ ៨៨ និង ៨៩ ស្ថិតក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានឲ្យ ដឹងថាអ្នកបើកបររថយន្តមានឈ្មោះ ពេជ្រ ពីសុទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ទូរស័ព្ទវ័ន មានទីលំនៅ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើករថយន្តម៉ាក ACTYON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BQ-4865 បើកចេញពីហាងលក់មីហឹរ ក្នុងទិសដៅពីកើតទៅលិចរួចបត់ឆ្វេង ស្របពេលគ្នា ជាមួយនឹងម៉ូតូម៉ាក ហុងដា MSX ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ម៉េត ណាន ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ដោយមានឌុបមនុស្សពីក្រោយម្នាក់ ឈ្មោះ សាំ សា ភេទប្រុស អាយុ ៣០ ឆ្នាំរស់នៅដូនខ្នារ បើកបរពីទិសខាងត្បូង ទៅខាងជើង បណ្តាលឱ្យឈ្មោះ ម៉េត ណាន ស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ សាំ សា រងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកទៅសង្គ្រោះបន្ទាន់ ដោយឡែក អ្នកស្លាប់ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុរួចប្រគល់ឱ្យទៅក្រុមគ្រួសារ។
សមត្ថកិច្ចនគបាលចរាចរណ៍ ក្រុងកំពង់ឆ្នាំង បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បណ្តាលមកពីរថយន្តបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន គ្រាដែលអ្នកបើកម៉ូតូ ហុងដា MSX បើកបរក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុ ចំណុចផ្លូវខ្វែងទិសគ្នា ក៏ទៅបុករថយន្តពី ចំហៀង បណ្តាលឲ្យម៉ូតូ រងការខូចខាតទាំងស្រុង រថយន្តខូចខាត ផ្នែកមុខខាងឆ្វេង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បាននាំយករថយន្ត និងម៉ូតទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ៖ជ្រោយពេជ្រ