ក្រុមតោខៀវ Chelsea បានរៀបចំជំនួបនៅកីឡដ្ឋាន Wembley ជាលើកទី២ជាមួយក្រុមហង្សក្រហម Liverpool នៅរដូវកាលនេះ ខណៈដែលពួកគេបានយកឈ្នះក្រុម Crystal Palace ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ។
ក្រុម Liverpool បានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ដោយការស៊ុតបាល់ប៉េណាល់ទីកាលពីខែកុម្ភៈ ប៉ុន្តែ Chelsea នឹងមានឱកាសសងសឹក ខណៈដែលក្រុមនេះបានយកឈ្នះ Crystal Palace២គ្រាប់ គឺ១គ្រាប់រកបានដោយកីឡាករ Ruben Loftus-Cheek នៅនាទីទី៦៥ និងខ្សែប្រយុទ្ធ Mason Mount នៅនាទីទី៧៦។
មិនដូចការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដំបូងរវាង Liverpool និង Manchester City ទេ ឱកាសគឺមានតម្លៃនៅពេលដែលក្រុមតោខៀវរកគ្រាប់បាល់បានដោយ Loftus-Cheek ដែលជំនួសកីឡាករ Mateo Kovacic ពីការរងរបួសនៅតង់ទី២។
ក្រុម Crystal Palace ក៏មានឱកាសស៊ុតបញ្ចូលទីចំគោលដៅដែរ ប៉ុន្តែត្រូវបានអ្នកចាំទី Edouard Mendy របស់ Chelsea ជួយសង្គ្រោះយ៉ាងល្អពីការស៊ុតរបស់ Cheikhou Kouyate ក្នុងតង់ទីមួយ។
ក្រុមតោខៀវ Chelsea បានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ជាលើកទី៣ជាប់ៗគ្នារបស់ពួកគេ ហើយឥឡូវនេះនឹងសង្ឃឹមថានឹងអាចផ្លាស់ប្តូរប្រវត្តិសាស្រ្តថ្មីៗនេះ បន្ទាប់ពីចាញ់២លើកមុនលើក្រុម Arsenal និង Leicester City ។
អ្នកចាត់ការក្រុមតោខៀវ លោក Thomas Tuchel មានកំណត់ត្រាដ៏អស្ចារ្យមួយក្នុងការឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្នុងស្រុក និងអឺរ៉ុបចាប់តាំងពីការតែងតាំងរបស់គាត់ ហើយ Chelsea នឹងក្លាយជាគូប្រជែងដ៏ខ្លាំងសម្រាប់ Liverpool ដែលកំពុងស្វែងរកការប្រកួតប្រជែងពាន៤ជាប្រវត្តិសាស្ត្រ។
ក្លិប Chelsea កំពុងតែមានបញ្ហាទាក់ទងនឹងម្ចាស់ក្លិបលោក Roman Abramovich ដែលកំពុងមានបំណងលក់ក្លិបនេះ ដោយសារតែទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស ប៉ុន្តែស្មារតីឈ្នះៗនៅតែបន្តកើតមាន ហើយកីឡាករបានបង្ហាញពីថាមពលដ៏អស្ចារ្យនៃការស្តារឡើងវិញបន្ទាប់ពីការខកចិត្តនៃការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រដោយក្រុម Real Madrid ។
ប្រសិនបើការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup រវាង Chelsea និង Liverpool នៅដើមរដូវកាលនេះគឺមានអ្វីដែលត្រូវឆ្លងកាត់នោះ ពានរង្វាន់FA Cup នឹងក្លាយជាការប្រជែងគ្នាយ៉ាងតឹងរ៉ឹងរវាងភាគីដែលមានសមត្ថភាពខ្ពង់ទាំងពីរ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup រវាងក្រុមតោខៀវ Chelsea ដែលយកឈ្នះ Crystal Palace ២ទល់០ នឹងត្រូវប៉ះក្រុមហង្សក្រហម Liverpool ដែលបានយកឈ្នះ Man City ៣ទល់២ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)