ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារគណនីហ្វេសប៊ុកផ្លូវការ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ ជល់មាន់នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល សូមលោកស្នងការជួយឲ្យកម្លាំងចុះបង្រ្កាបផង។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវបង្រ្កាបករណីខាងលើ។
ជាលទ្ធផល៖
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លោកអធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ដឹកនាំកម្លាំងចុះស្រាវជ្រាវទីតាំងខាងលើ។
+ផ្អែកតាម លទ្ធផលចុះស្រាវជ្រាវ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានឲ្យដឹងថា៖
-កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានគេលេងល្បែងជល់មាន់នៅក្នុងចំការស្វាយមួយកន្លែងមិនស្គាល់ម្ចាស់ ស្ថិតក្នុងភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល ក៏ចុះទៅដល់ទីតាំងខាងលើ ពិតជាមានមនុស្សមួយក្រុមប្រហែល៣៥នាក់ កំពុងលួចលេងល្បែងជល់មាន់ពិតប្រាកដមែន ភ្លាមនោះអ្នកលេងបានឃើញសមត្ថកិច្ចក៏នាំគ្នារត់គេចខ្លួនបាត់អស់ រហូតមកដល់ពេលនេះពុំឃើញមានលួចលាក់លេងល្បែងស៊ីសង(ជល់មាន់) បន្តទៀតនោះទេ។
-ករណីនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក កំពុងបន្តស្រាវជ្រាវរកមុខសញ្ញាអ្នកលេងល្បែងស៊ីសងនៅទីតាំងខាងលើ ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងចៀសឲ្យឆ្លាយពីល្បែងស៊ីសងគ្រប់ប្រភេទដែលច្បាប់ហាមឃាត់៕
ដោយ ៖ សិលា