ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាកើតឡើងនៅក្នុងប្រទេសស៊ុយអែត មានរថយន្តជាច្រើនរងការដុតបំផ្លាញ

ចែករំលែក៖

ការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសនឹងក្រុមបាតុករនៅក្នុងទីក្រុងជាច្រើននៃប្រទេសស៊ុយអែតបានអូសបន្លាយ៤ថ្ងៃកន្លងមកហើយ។ អំពើហិង្សាកើតឡើងក្រោយពេលក្រុមជ្រុលនិយមប្រឆាំងនឹងលំហូរចូលនៃជនអន្តោប្រវេសន៍។ ក្រុមជ្រុលនិយមក៏បានដុតបំផ្លាញគម្ពីរធម៌គូរ៉ាន (Quran)ផងដែរ ។
តាមបណ្តាញព័ត៌មាន BBC និងរ៉យទ័របានផ្សាយថា នៅថ្ងៃទី ១៧ខែមេសា មានមនុស្ស៣នាក់រងរបួសក្នុងទីក្រុង Norrkoping នៅភាគខាងកើតប្រទេសស៊ុយអែត ។ កម្លាំងប៉ូលិសក៏បានបាញ់ព្រមានទៅលើអាកាសដល់ក្រុមជ្រុលនិយម ដែលដុតបំផ្លាញរថយន្តជាច្រើនគ្រឿង ។ ក្រុមបាតុករ១៧នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។
អំពើហិង្សាបានផ្ទុះឡើងនៅថ្ងៃទី១៤ខែមេសា ក្រោយពេលលោក Rasmus Paludan មេដឹកនាំបក្សប្រឆាំង Stram Kurs បានដង្ហែក្បួនបាតុកម្ម ដុតបំផ្លាញគម្ពីរគូរ៉ាន (Quran) ហើយព្រមានបន្តសកម្មភាពបែបនេះតទៅទៀត។
កាលពីចុងសប្តាហ៍កន្លងមក អំពើហិង្សាក៏ចាប់ផ្តើមផ្ទុះឡើងនៅក្នុងទីក្រុង Landskrona ភាគខាងត្បូងប្រទេសស៊ុយអែត ក្រោយពេលគម្រោងធ្វើបាតុកម្មរបស់គណបក្ស Stram Kurs មិនទទួលបានការអនុញ្ញាតឱ្យធ្វើបាតុកម្ម ដោយប្តូរទៅកាន់ទីក្រុង Malmo វិញ ។ ក្រុមបាតុករក៏ខឹងសម្បាយ៉ាងខ្លាំង ហើយដុតបំផ្លាញរថយន្តជាច្រើនគ្រឿងក្នុងនោះក៏មានរថយន្តក្រុងផងដែរ៕

ដោយ៖ ធីរីណា(រូបថត៖Reuters )


ចែករំលែក៖