ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា ដំណើរការពិនិត្យលើបណ្តឹងចំពោះបញ្ជីបេក្ខជនគណបក្ស នយោបាយនៅទូទាំងប្រទេសត្រូវបានបញ្ចប់ ខណៈបញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ១៣បញ្ជី និងបេក្ខជនចំនួន៨៦នាក់ ត្រូវបានលុប។
លោក ហង្ស ពុទ្ធា ឲ្យដឹងនៅថ្ងៃទី១៨ ខែមេសានេះថា បន្ទាប់ពីដំណើរការប្តឹងតវ៉ាទៅលើបញ្ជីបេក្ខជន និងបេក្ខជន បានបញ្ចប់រួចរាល់នោះគិតមកទល់ពេលនេះ ដំណាក់កាលពិនិត្យទៅលើបណ្តឹងរបស់គណបក្សនយោបាយ និងប្រជាពលរដ្ឋបានបញ្ចប់រួចរាល់ ១០០ភាគរយ។ លោកបន្តថា បន្ទាប់ពី គ.ជ.ប បានបើកសវនាការសាធារណៈ មានបេក្ខជនចំនួន៨៦នាក់ និងបញ្ជីបេក្ខជនចំនួន ១៣ ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។
លោកអ្នកនាំពាក្យឲ្យដឹងទៀតថា បេក្ខជនចំនួន ៨៦នាក់ ត្រូវបានលុបមកពីគណបក្សភ្លើងទៀន និងបញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ១៣បញ្ជីដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត រួមមាន បញ្ជីបេក្ខជនគណបក្សភ្លើងទៀនចំនួន១១ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យចំនួន១ និងគណបក្សឆន្ទៈខ្មែរចំនួន១។
ក្នុងដំណាក់កាលទទួលការចុះឈ្មោះបេក្ខជន និងដាក់បញ្ជីបេក្ខជនគណបក្សនយោបាយ លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ក្នុងចំណោមឃុំ-សង្កាត់សរុបនៅទូទាំងប្រទេសមានចំនួនជាង៦០ភាគរយបានរៀបចំដាក់បេក្ខជនត្រឹមត្រូវតាមនីតិវិធី និងបានប្រកាសសុពលភាពបញ្ជីបេក្ខជនផ្លូវការរួចរាល់ជាស្ថាពរ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ចំនួនជិត១០លាននាក់ ខណៈការិយាល័យដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខ មានចំនួនជាង២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១.៦៥២ឃុំ-សង្កាត់៕
ដោយ៖ សូរិយា