ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តបាត់ដំបង អំពាវនាវដល់ប្រជានេសាទ ឱ្យ​ចូលរួមបញ្ឈប់ការប្រើប្រាស់​ឧបករណ៍នេសាទនានា​ ដែល​ខុសច្បាប់

ចែករំលែក៖

​    ខេត្ត​បាត់ដំបង៖ ដើម្បីការពារធនធានជលផលឡើងវិញ​ អាជ្ញាធរខេត្តបាត់ដំបង បានអំពាវនាវឱ្យប្រជានេសាទចូលរួមប្រគល់ឧបករណ៍នេសាទខុសច្បាប់នានា មកឱ្យសមត្ថកិច្ច។ 

ចំពោះ​សេចក្តីអំពាវនាវរបស់អាជ្ញាធរខេត្ត ដែលមិនធ្លាប់មាននេះ គឺសំដៅផ្តោតលើឧបករណ៍ នេសាទល្មើសច្បាប់មានដូចជា៖ អួនអូសទឹកសាប ម៉ាញ់ ឧបករណ៍ឆក់ ឈិបយន្ត រួមទាំង ឧបករណ៍ខុសច្បាប់នានាជាច្រើនទៀត។

ជាក់ស្ដែង​អាជ្ញាធរខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ​ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តបាត់ដំបង ពិសេសប្រជានេសាទ ជុំវិញតំបន់ដែនទឹក បឹងទន្លេសាប ឱ្យ​ចូលរួមបញ្ឈប់ការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ គ្រប់ប្រភេទ ប្រយោជន៍ គ្រប់គ្រងមច្ឆាជាតិ និងធនធានជលផលឲ្យស្របតាមខ្លឹមសារច្បាប់ស្តីពីជលផល និងបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អាជ្ញាធរ​ខេត្ត​ បន្តថា​ ប្រជាពលរដ្ឋ អ្នកនេសាទ ឋិតក្នុងភូមិសាស្ត្រខាងលើ ដែលប្រេីប្រាស់ឧបករណ៍ល្មើសច្បាប់ទាំងអស់ ត្រូវចូលរួមប្រគល់ឱ្យអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ពាក់កណ្តាល ខែឧសភា ឆ្នាំ២០២២ ជាកំហិត។ បន្ថែមពីនេះ ក៏ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់ការប្រើប្រាស់ថ្នាំពុលគីមី ;សារធាតុពុល និងឧបករណ៍ឆក់គ្រប់ប្រភេទ ក្នុងដែននេសាទ ក្នុងករណី​មិនអនុវត្តតាមការជូនដំណឹង និងការណែនាំ ខាងលើនេះទេ ប្រឈមចាត់វិធានការចុះឆែកឆេរ រុករកដល់លំនៅដ្ឋាន រួចរឹបអូសយកឧបករណ៍ នេសាទល្មើសច្បាប់ផ្សេងៗ ឈានទៅបន្តចាត់ការតាមផ្លូវច្បាប់ ដោយមិនលើកលែងនោះទេ៕

ដោយ៖ ​អារុណ​រះ


ចែករំលែក៖