ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯម ច័ន្ទមករា ៖ រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាពនៅមិនទាន់មានច្បាប់អនុញ្ញាតឱ្យប្រើស្លាកលេខរថយន្ត «ជនមានពិការភាព»

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងលើ facebook ផ្ទាល់ខ្លួនថា, ក្នុងនាមជាអ្នកទទួលបន្ទុកវិស័យពិការភាព ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាពនៅមិនទាន់មានច្បាប់អនុញ្ញាតឱ្យប្រើស្លាកលេខរថយន្ត «ជនមានពិការភាព» ដូចមានក្នុងរូបភាពខាងក្រោមនេះទេ។

លោកបន្តថា, សូមម្ចាស់រថយន្តអញ្ជើញទៅធ្វើស្លាកលេខរថយន្តឱ្យបានត្រឹមត្រូវ ជៀសវាងការផាកពិន័យ រួចធ្វើការចោទប្រកាន់មកលើអង្គភាពពាក់ព័ន្ធ។ សូមចែកឱ្យដាច់រវាងស្លាកលេខរថយន្ត និងបណ្ណចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព។ លោកបានឃើញប្រភពរូបភាពពីបណ្តាញសង្គម។ 

ដោយឡែកលោក គង់​ វិមាន​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​ ១៩​ ខែ​ មេសា​ ឆ្នាំ​ ២០២២​ បានបង្ហោះ​សារនៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​ ឯកឧត្ដម​ ដោយមានខ្លឹមសារថា​ ៖​ ក្រសួងសាធារណការនិងដឹកជញ្ជូន មិនមានគោលការណ៏ឬច្បាប់ដោយឡែកណាមួយសម្រាប់ផ្តល់ផ្លាកលេខ​របៀបនេះជូនជនមានពិការភាពទេ ។ 

នេះជាផ្លាកលេខក្លែងក្លាយ សូមសមត្ថកិច្ចតាមដងផ្លូវបើបានជួប សូមជួយចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ផង ដើម្បីជៀសវាងការភាន់ច្រឡំ និងជួយទប់ស្កាត់រាល់អំពើល្មើសដែលតែងតែកើតមានដែលបង្កឡើងដោយបុគ្គលមួយចំនួនដូចម្ចាស់រថយន្តនេះជាដើម ៕ សូមអរគុណ

ដោយ ៖ សិលា


ចែករំលែក៖