ខេត្តកណ្ដាល ៖ បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ បានសម្រេចចងកធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងទៅនឹងដើមឈើ បង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី នៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ាន វណរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិស្រង៉ែ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ(ស្លាប់)។ ចំណែកប្រពន្ធឈ្មោះ ហែម សុីនឿន អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ។
ប្រភពដដែលបន្តថា តាមការបំភ្លឺពីឈ្មោះហែម សុីនឿន (ជាប្រពន្ធជនរងគ្រោះ) បានឱ្យដឹងថា៖ ជនរងគ្រោះជាប្តីតែងតែរករឿងប្រចណ្ឌ និងឈ្លោះប្រកែកជាមួយខ្លួនជាញឹកញាប់។ នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្តីបាននិយាយហាមខ្លួនជាប្រពន្ធមិនឱ្យទៅធ្វើការរោងចក្រទេ តែខ្លួនមិនព្រម ហើយ ជនរងគ្រោះជាប្តីបានបន្តថា(បើអ៊ីចឹងខ្ញុំទៅស្រុកកំណើតខ្ញុំវិញហើយ) រួចជនរងគ្រោះជាប្តីបានចេញពីផ្ទះបាត់ទៅ។ រហូតដល់វេលាម៉ោងកើតហេតុទើបក្រុមគ្រួសារប្រទះឃើញជនរងគ្រោះបានចងកនៅលើដើមម្តេញខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ រួចក៏បានផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានសហការជាមួយកម្លាំងផ្នែកជំនាញកោសល្យវិច័យបច្ចេកទេស អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ និងចូលរួមដោយក្រុមគ្រួសារជនរងគ្រោះ បានចុះដល់ចំណុចកើតហេតុ ពិនិត្យសាកសព ឃើញពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ ។
តាមការសន្និដ្ឋានៈ ជនរងគ្រោះបានស្លាប់ដោយសារចងកប្រាកដមែន។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ស្អាង ជ័យ