ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ចែករំលែក៖

.   ភ្នំពេញ ៖ គណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលព្រះរាជានុញ្ញាតិចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា នរោត្តម មុនិនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីក្រាបថ្វាយបង្គំបង្ហាញសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មីអណត្តិឆ្នាំ២០២១-២០២៤ និងថ្វាយព្រះពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅព្រះរាជដំណាក់សិរីមង្គល ក្នុងព្រះបរមរាជរាំង នៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា, លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីសច្ចាបញ្ចូលសមាជិកា សមាជិកថ្មីលើកទី២២ “Promise Ceremony” សមាជិក សមាគមកាយឫទ្ធិនារីកម្ពុជាប្រមាណជាង២០០នាក់ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅ នៅសណ្ឋាគារសុខា​ ខេត្តសៀមរាប ដែលមានការចូលរួមពីស្ថាបនិក ទីប្រឹក្សាជាន់ខ្ពស់ អតីតអគ្គស្នងការ និងសមាជិកាគណៈកម្មការប្រតិបត្តិសមាគមកាយឫទ្ធិនារីកម្ពុជា ។បន្ទាប់ពីពិធីសច្ចាបញ្ចូលសមាជិកា សមាជិកថ្មីលើកទី២២ រួចមក  លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំស្នងការ កុមារី យុវតី និងសមាជិកា សមាជិកសមាគមដាំដើមឈើនៅមុខប្រាសាទអង្គរវត្តទុកជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង ៕

ដោយ ៖ សិលា


ចែករំលែក៖