ក្រុមខ្លាំងមេឃខៀវ Manchester City បានទម្លាក់ក្រុម Liverpool ត្រឡប់ទៅកាន់កំពូលតារាង Premier League ដោយសារការស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងតង់ទី២យកឈ្នះក្រុម Brighton ក្នុងការប្រកួតសប្តាហ៍ទី៣២កាលពីរាត្រីថ្ងៃទី២០ ខែមេសា។
ការប្រកួតក្នុងតង់ទី១ មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីទេ ប៉ុន្តែចូលដល់តង់ទី២ ខ្សែបម្រើឆ្នើម Kevin de Bruyne បានបង្កើតគ្រាប់បាល់បើកឆាកដែលការស៊ុតដោយខ្សែប្រយុទ្ធ Riyad Mahrez នៅនាទីទី៥៣ និងគ្រាប់ទី២មួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Phil Foden នៅនាទីទី៦៥។
គ្រាប់បាល់ទី៣ដែលរកបានដោយខ្សែបម្រើ Bernardo Silva បានបំប៉ោងសំណាញ់ទីក្រុមភ្ញៀវបានសម្រេចនៅនាទីទី៨២ជិតចប់ការប្រកួត។ គ្រាប់បាល់ទាំង៣គ្រាប់នេះបានធ្វើឱ្យ Man City ស្គាល់ការឈ្នះចំនួន៦ដងក្រោមការដឹកនាំរបស់លោក Pep Guardiola ដើម្បីរក្សាតំណែងរបស់ខ្លួន ដោយចាប់ផ្តើមពីការប្រកួតក្នុងផ្ទះទល់នឹង Watford នៅថ្ងៃសៅរ៍។
ចំណែកក្រុមភ្ញៀវកាំភ្លើងធំ Arsenal ទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ក្នុងលទ្ធផល៤ទល់២ ដែលធ្វើឲ្យក្រុមនេះកៀកនឹងប្រជែងយកតំណែងក្នុងតារាង Top 4 របស់ Premier League ។ ក្តីសង្ឃឹមរបស់ក្រុមកាំភ្លើងធំក្នុងការទទួលបានកៅអីមួយក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយកាន់តែកើតមានបន្ទាប់ពីជ័យជម្នះនេះ។
ការប្រកួតនៅតង់ទី១ ក្រុមភ្ញៀវ Arsenal បាននាំមុខ១គ្រាប់មុន ដោយការស៊ុតបាល់បញ្ចូលទីពី Eddie Nketiah នៅនាទីទី១៣ ប៉ុន្តែមិនយូរប៉ុន្មាននៅនាទីទី១៧ កីឡាករ Timo Werner រកបាន១គ្រាប់តាមស្មើវិញឲ្យ Chelsea ដែលក្រោយមកក្រុមភ្ញៀវមានឱកាសរកបាន១គ្រាប់ទៀតដោយកីឡាករ Emile Smith Rowe នៅនាទីទី២៧ មុនពេលកីឡាករ Cesar Azpilicueta តាមស្មើវិញនៅនាទីទី៣២រហូតដល់ចប់តង់ទី១។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ Chelsea បានព្យាយាមសម្រុក និងគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានទៅលើក្រុម Arsenal។ រហូតដល់នាទីទី៥៧ កីឡាករ Eddie Nketiah ដដែលរបស់ Arsenal រកបាន១គ្រាប់នាំមុខ និងនៅនាទីទី៩០+២ជិតចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធ Bukayo Saka គឺជាកីឡាករឆ្នើមសម្រាប់ក្រុម Arsenal ទទួលបានការស៊ុតបាល់ពិន័យប៉េណាល់ទី១គ្រាប់ ធ្វើឲ្យចប់ការប្រកួត Arsenal បំបាក់ Chelsea ដល់ក្នុងផ្ទះ ៤ទល់២។
ក្រុមកាំភ្លើងធំឥឡូវនេះកំពុងមានពិន្ទុស្មើជាមួយនឹងគូប្រជែងក្រុមមាន់ខ្នាយមាស Tottenham ជាមួយនឹងការប្រកួតគ្នានៅកីឡដ្ឋាន Emirates ដែលនឹងមកដល់។ បច្ចុប្បន្នក្រុមកាំភ្លើងធំ Arsenal មាន៥៧ពិន្ទុ ក្នុង៣២ប្រកួត ឈរលេខ៥ ខណៈក្រុមតោខៀវ Chelsea មាន៦២ពិន្ទុដដែល ឈរលេខ៣ រីឯក្រុមTottenham ឈរលេខ៤ មាន៥៧ពិន្ទុ ហើយក្រុមបិសាចក្រហម Man Utdឈរលេខ៦ មាន៥៤ពិន្ទុ ក្នុង៣២ប្រកួតដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)