ខេត្តកោះកុង៖ យោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកព្រហស្បតិ៍ទី២១ ខែមេសា ឆ្នាំ២០២២នេះថា៖
ទឹកធ្លាក់ឆាយ ១០០ មានកម្ពស់ប្រហែល១០០ម៉ែត្រ ជាទីចាប់អារម្មណ៍ថ្មី សម្រាប់អ្នកធ្វើដំណើរបែបផ្សេងព្រេង ដោយថ្មេីរជេីងកំសាន្ត នៅតាមទេសចរណ៍ធម្មជាតិ។
ប្រភពដដែលបន្តថា ទឹកធ្លាក់ឆាយ១០០ ឬ ឆាយខ្ពស់ ជាតំបន់ទឹកធ្លាក់ដែលស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល ភូមិសាស្រ្តជាប់ព្រំប្រទល់ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។
ក្រសួងបរិស្ថាន បានបន្ថែមថា បើតាមអ្នកភូមិតាំងបំពង់ ការធ្វើដំណើរ តាមផ្លូវ យើងតែងប្រទះឃើញប្រភេទសត្វព្រៃ និងជីវៈចម្រុះជាច្រើនប្រភេទទៀត ដែលនាំឱ្យការធ្វើដំណេីរកំសាន្តរបស់យើង មានអារម្មណ៍រីករាយ និងគយគន់ទស្សនីយ៍ភាពតាមឧទ្យានជាតិ ដូចផ្ទាំងគំនូរជាធម្មជាតិ។
គួរជម្រាបដែរថា កាលពីពេលថ្មីៗនេះ ក្រសួងបរិស្ថាន ក៏បានបង្ហាញពីទិដ្ឋភាព ទឹកឆាយរកាស្ទឹងអារ៉ែង ស្ថិតនៅឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ជាសរសៃឈាមភ្នំក្រវាញ ដែលហូរពីខេត្តពោធិ៍សាត់ កាត់មកខេត្តកោះកុង តាមជ្រលងភ្នំជាច្រើន។ ជួរភ្នំក្រវ៉ាញគឺជាព្រៃទាក់ទាញទឹកភ្លៀងធំជាងគេនៅអាស៉ីអាគ្នេយ៍ និងសំបូរសត្វព្រៃជាច្រើនប្រភេទ៕
ដោយ៖ស តារា