ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមសហការីសឹងតែទប់ទឹកភ្នែកមិនបាន ខណៈដែលឃើញកាយវិការភរិយា កូនៗសពលោកនាយ
បុ៉ស្តិ៍រដ្ឋបាលនគរបាលទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល លុតជង្គង់សំពះ គោរព ស្រឡាញ់លោកស្នងការដោយទឹកចិត្តចេញពីបេះដូងថា លោកស្នងការ មានព្រហ្មវិហារធម៌ គុណធម៌ ធ្វើឱ្យប្តីគាត់ ព្រមទាំងមន្ត្រីទាំងអស់សរសើរមិនដាច់ពីមាត់ ។ លោកពិតជាមេដឹកនាំប្រកបដោយភាពទទួលខុសត្រូវ ផ្តល់ភាពយុត្តិធម៌ លើកទឹកចិត្តកូនចៅ រាល់ការបំពេញការងារដោយគ្មានគិតពីការនឿយហត់។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រទី២២ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល និងមន្ត្រីក្រោមឱវាទអមដំណើរលោកឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អមដំណើរដោយលោកឧត្តមសេនីយ៍ឯក ងេង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ចូលរួមគោរពវិញ្ញាណក្ខន្ឋជូនសពមន្ត្រីនគរបាល០២រូបដែលបានពលីជីវិតក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល គឺ:
១-សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រិច។
សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងព្រះពុទ្ធសាសនានៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
២-សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀន។
សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងព្រះពុទ្ធសាសនានៅគេហដ្ឋាននៃសពស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សូមបញ្ជាក់ថា សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀនទើបនឹងរៀបការបាន១ខែ១ថ្ងៃ ទីបំផុត ! ត្រូវលាភរិយា គ្មានថ្ងៃត្រឡប់។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោក ឧត្តមសេនីយ៍ឯក អគ្គស្នងការរងបាននាំយកថវិការបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ចូលរួមរំលែកទុក្ខក្នុង១សពចំនួន ៥,០០០,០០០រៀល។
លោកឧត្តមសេនីយ៍ទោស្នងការបាននាំយកថវិការបស់លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ចូលរួមរំលែកទុក្ខក្នុង០១សពចំនួន ៤,០០០,០០០រៀល៕
ដោយ ៖ សិលា