ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភព៖ ពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃបានអោយដឹងថា, នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលជាគណៈអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលរាជធានីភ្នំពេញ (រដ្ឋបាលស៊ីវិល, សន្តិសុខសាធារណៈ និងពន្ធនាគារ) នៅសាលប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឡាំ ជា រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពី  លោក លោកស្រី គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកអភិបាលរាជធានីភ្នំពេញ, លោក លោកស្រី នាយករដ្ឋបាល នាយករងរដ្ឋបាល នាយកទីចាត់ការ ថ្នាក់ដឹកនាំ អភិបាលខណ្ឌ និងមន្រ្តីពាក់ព័ន្ធនៅរដ្ឋបាលសាលារាជធានីភ្នំពេញ, លោក លោកស្រី ស្នងការរង អធិការ អធិការរង និងមន្រ្តីពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោក លោកស្រី អនុប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធនៅពន្ធនាគាររាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម កើត ឆែ បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុក  លោក លោកស្រី គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលចំណាយពេលដ៏មានតម្លៃ ក្នុងការបំពេញបេសសកម្មចុះសវនកម្មនៅរដ្ឋបាលរាជធានីភ្នំពេញ។ លើសពីនេះ លោក បានជំរុញដល់មន្ទីរចាត់ការពាក់ព័ន្ធ ដើម្បីចូលរួមសហការជាមួយគណៈប្រតិភូសវនកម្មឱ្យមានភាពរលូន។

ជាកិច្ចបន្ត លោក ឡាំ ជា រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និងអង្គប្រជុំទាំងមូល។ លោក បានថ្លែងអំណរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិត្តិយស និងបានសម្របសម្រួលក្នុងកម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន និងវត្តមានរបស់ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងបីផ្នែក (ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ) ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ និងតែងតែសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នាពេលកន្លងមក។ 

លោក បានបន្តទៀតថា ដោយសារបញ្ហាជំងឺកូវីដ-១៩ បានរីករាលដាលអស់រយៈពេល ២ឆ្នាំ ធ្វើឱ្យខកខានក្នុងការចុះធ្វើសវនកម្មតាមបណ្តារដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋានក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងពន្ធនាគារ រាជធានី-ខេត្ត និងមណ្ឌលអប់រំកែប្រែ។ ក្នុងនោះដែរ លោក បានលើកឡើងនូវការធ្វើកំណែទម្រងរបស់ក្រសួងមហាផ្ទៃ ដល់ថ្នាក់ក្រោមជាតិស្របតាមយុទ្ធសាស្រ្តចតុកោណដែលបានដាក់ចេញ និងតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជូនក្នុងអង្គប្រជុំដើម្បីឱ្យអង្គភាពពាក់ព័ន្ធ ឬសវនដ្ឋាន ត្រូវចូលរួមសហការឱ្យបានពេញលេញ ក្នុងការផ្តល់ឯកសារពាក់ព័ន្ធ ដល់សវនករដើម្បីឱ្យកិច្ចសវនកម្មមានភាពរលូន និងទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះ លោក រដ្ឋលេខាធិការទទួលបន្ទុក ក៏បានផ្តល់អនុសាសន៍មួយចំនួន ជូនរដ្ឋបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងពន្ធនាគារ ព្រមទាំងគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដូចខាងក្រោម៖

 

-គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបន្តពង្រឹងសមត្ថកិច្ចកិច្ចការជំនាញសវនកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និងពន្ធនាគារ។

-គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវតាមដានរាល់ការដាក់អនុសាសន៍ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ សម្រាប់បន្តតាមដាន និងវាយតម្លៃលើសវនដ្ឋាន ក្នុងការគោរព និងអនុវត្តតាមអនុសាសន៍របស់គណៈប្រតិភូ។

-រដ្ឋបាលរាជធានី ខណ្ឌ ត្រូវបន្តផ្សព្វផ្សាយអំពីគោលដៅនៃការចុះធ្វើសវនកម្មដល់រដ្ឋបាល សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឱ្យអង្គភាពរងសវនកម្មរៀបចំទុកដាក់នូវឯកសារហិរញ្ញវត្ថុ សក្ខីប័ត្រ និងឯកសារពាក់ព័ន្ធ ដែលជាកម្មវត្ថុនៃការចុះត្រួតពិនិត្យ របស់គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ជាកិច្ចបញ្ចប់ លោក ឡាំ ជា បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ  លោក លោកស្រី ក្នុងអង្គប្រជុំទាំងមូល ដែលចំណាយពេលដ៏មានតម្លៃ ក្នុងការបើកកិច្ចសវនកម្មផ្ទៃក្នុងដោយមានភាពរលូន និងស្និទ្ធស្នាល៕

ដោយ ៖ សិលា


ចែករំលែក៖