ខេត្តកណ្ដាល៖ ផ្ទះពលរដ្ឋមួយខ្នងនិងរថយន្ត២គ្រឿងរួមទាំងម៉ូតូ៣គ្រឿងទៀត ត្រូវអគ្គិភ័យលែបត្របាក់បណ្តាលឱ្យខូចខាតអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនីនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ផ្ទះដែលរងការខូចខាតមានទំហំ៦ម៉ែត្រx៩ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿងជារបស់ឈ្មោះឱ ធារិទ្ធ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមេផ្ទះ។ ចំណែកសម្ភារខូចខាតរួមាន៖ ឆេះរថយន្តចំនួន០២គ្រឿង ម៉ាក Toyota camry 2014 ពណ៍ទឹកប្រាក់ និងមួយគ្រឿងទៀតម៉ាកToyota camry 1992 ពណ៌ស្លែ, ឆេះម៉ូតូចំនួន០៣គ្រឿងនិងសម្ភារប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង។
ប្រភពដដែលបន្តថា បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទទួលបានព័ត៌មានថា ពេលមានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ភ្លាម កម្លាំងប៉ុស្តិ៍ក៏បានរាយការណ៍ទៅកម្លាំងអន្តរាគមន៍ក្រុងតាខ្មៅ និងកម្លាំងការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត ចុះធ្វើអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ២គ្រឿង ប្រើប្រាស់អស់ទឹក៣រថយន្ត ទើបភ្លើងរលត់ជាស្ថាពរនៅវេលាម៉ោង០១និង០០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃ២៣ ខែមេសា.ឆ្នាំ២០២២៕
ដោយ៖ស្អាង ជ័យ