ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋបើកសុខៗស្រាប់តែរលត់ម៉ាស៊ីនរយ៉ែរថយក្រោយបុករថយន្តពីរគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើក រថយន្តដឹកឥដ្ឋសុខៗស្រាប់តែរលត់ម៉ាស៊ីន ហើយរថយន្តក៏រយ៉ែរថយក្រោយបណ្ដាលឲ្យបុករថយន្តពីរគ្រឿងទៀតដែលកំពុងធ្វើដំណើរមកពីក្រោយរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងនឹងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីតៃកុងរថយន្តដឹកឥដ្ធបានឲ្យដឹងថាមុនពេលកើតហេតុ ខ្លួនបានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3E 0493ដើម្បីយកឥដ្ធទៅដាក់ដេប៉ូដែលធ្វើដំណើរតាមបណ្ដោយផ្លូវ 30 ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង លុះដល់ត្រង់ចំណុចស្តុបឫស្សីផ្អែមស្រាប់តែរថយន្តក៏រលត់ម៉ាសុីនរួចក៏រយ៉ែរថយក្រោយទៅបុក និងរថយន្តឃ្លុបដឹកទំនិញមួយគ្រឿងម៉ាកFOTON GRATOUR ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AZ 9834បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយ រួចរុញបន្តទៅបុកនឹងរថយន្តដឹកខ្សាច់មួយគ្រឿងទៀតម៉ាកHYUNDIAពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ 3F 3460បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចក៏បានឲ្យធ្វើការសម្របសម្រួលគ្នាដោយខាងភាគីខាងរថយន្តបង្កយល់ព្រមសងថ្លៃការខូចខាតទៅភាគីរងគ្រោះទាំងអស់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖