ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឱ វណ្ណឌីន ៖ គ្រូពេទ្យស្ពាយវ៉ាក់សាំងចាក់តាមខ្នងផ្ទះ និងទីប្រជុំជន

ចែករំលែក៖

ខេត្តមណ្ឌលគិរី  ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នក នាំពាក្យ នៃក្រសួងសុខាភិបាល នៅថ្ងៃទី២៣ខែមេសានេះ បានឱ្យដឹងថា បច្ចុប្បន្នដំណើការចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋមានល្បឿនលឿន បន្ទាប់ពីក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ពាយវ៉ាក់សាំងចាក់តាមខ្នងផ្ទះ និងទីប្រជុំជន។

  លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែនតំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា រួមនិងមន្រ្តីពាក់ព័ន្ឋមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៣ខែមេសានេះ បានបន្តអញ្ចើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងកូវីដ នៅមណ្ឌលសុខភាពអូអាម ស្ថិតនៅស្រុកកែវសីមាខេត្តមណ្ឌលគិរី។

 លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីនមានប្រាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា បច្ចុប្បន្នដំណើរការចាក់វ៉ាក់សាំងវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋមានល្បឿនលឿនគួរកត់សំគាល់ បន្ទាប់ពីក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល,សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា,ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តីសាយ ឈុំ រួមនិងក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិជាដើមនោះ បានស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះ និងទីប្រជុំជន ដែលប្រជាពលរដ្ឋរស់នៅ។ លើសពីនេះ លោកស្រីវេជ្ជបណ្ឌិត បន្តក្រើនរម្លឹកដល់ប្រជាពលរដ្ឋមិនទាន់ចាក់វ់ាក់សាំង សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ ជាពិសេសដូសជំរុញ ដើម្បីបង្កើនអង់ទីគ័រក្នុងសារពាង្គកាយ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ។

ការចាក់វ៉ាក់សាំងកូវីដ-19 ស្រោចលើប្រជាពលរដ្ឋ  ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាយុទ្ធសាស្រ្តចម្បងមួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នប្រទេសកម្ពុជាបើកដំណើរសេដ្ឋកិច្ចធម្មតា ជា មួយជំងឺកូវីដ។ រហូតមកដល់ពេលនេះប្រជាពលរដ្ឋនៅទូទាំងប្រទេសច្រើនជាង 90% បានទទួលវ៉ាក់សាំងប្រឆាំង ជំងឺកូវីដ19 ដែលខ្លះរហូតដល់ដូសទី៤ ទៀតផង។

គិតត្រឹមថ្ងៃទី២៣ខែមេសា ឆ្នាំ២០២២ ប្រទេសកម្ពុជារកវ៉ាក់សាំងកូវីដបានជិត៥០លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់ពីដូសទី១ ដល់ទី៤៕

ដោយ៖ សូរិយា


ចែករំលែក៖