ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​ការងារ​៖​ ស្នើដល់អង្គការ IOM បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង លើគម្រោងសម្រាប់ផ្តល់ជំនួយទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សម្រាប់ពលករទេសន្តរប្រវេសន៍

ចែករំលែក៖

ភ្នំពេញ៖ គម្រោង កាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើចំណាកស្រុកដោយសុវត្ថិភាព ការកសាងជំនាញ និងលើកកម្ពស់ការរកការងារអោយធ្វើនៅក្នុងប្រទេសកម្ពុជា ឡាវ ភូមា និងថៃ (PROMISE) ក្នុងជំហានទី១ ដែលបានអនុវត្តនាពេលកន្លងមក(ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ ខែសីហា ឆ្នាំ២០២១) ត្រូវបានបញ្ចប់។ លោកស្រី Nenette Motus នាយកអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការ IOM ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានចូលជួប លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ ដើម្បីសុំការឯកភាពគាំទ្រពី លោករដ្ឋមន្ត្រី លើការអនុវត្ត គម្រោងPROMISE ក្នុងជំហានទី២ បន្តទៀត (ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២៥)។  

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៉ិត សំហេង បានស្វាគមន៍ចំពោះលោកស្រី  Nenette Motus ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះអង្គការ IOM ដែលបានដើរតួនាទីយ៉ាងសំខាន់ លើការផ្សព្វផ្សាយបញ្ហាទេសន្តរប្រវេសន៍ ប្រកបដោយស្ថិរភាព ជាដៃគូមិនអាចខ្វះបាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកម្ពុជា។ ជាពិសេស ស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ដែលពលករមិនអាចធ្វើការឆ្លងកាត់បាន ត្រូវជាប់គាំងនៅតាមបណ្តាប្រទេសនីមួយៗ ត្រូវបាន អង្គការ IOM បានធ្វើការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព។ 

ក្នុងឱកាសនោះ លោកស្រី Nenette Motus បានគូសបញ្ជាក់ពី គម្រោង PROMISE ដែលជាកម្មវិធីថ្នាក់តំបន់ អនុវត្តក្រោមការដឹកនាំរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC)។ គម្រោងនេះមានរយៈពេល ៨ឆ្នាំ ចែកជាពីរដំណាក់កាលដំណាក់កាលទី១ ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ ខែសីហា ឆ្នាំ២០២១, ដំណាក់កាលទី២ ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២៥

នៅចន្លោះឆ្នាំ ១៩៩៨-២០០២ លោកស្រីធ្លាប់ជាប្រធានអង្គការ IOM ប្រចាំប្រទេសកម្ពុជា ហើយលោកស្រីពិតជាមានក្តីរីករាយជាខ្លាំងដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាសារជាថ្មី ដោយលោកស្រីមើលឃើញថា កម្ពុជាមានការរីកចម្រើនប្លែកពីមុនច្រើន ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ឃើញថាមានវឌ្ឍនភាពច្រើនផងដែរ។ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំអាស៊ានសម្រាប់ឆ្នាំនេះ  អង្គការ IOM ចង់ផ្តល់ការគាំទ្រលើបញ្ហា បច្ចេកទេស និងឯកសារមួយចំនួន ក្នុងករណីមានរបៀបវារៈ ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំ ស្តីពីពលករទេសន្តរប្រវេសន៍នេះ និងផ្តល់ជំនួយបច្ចេកទេសលើគោលនយោបាយទេសរន្តប្រវេសន៍នៅកម្ពុជាផងដែរ។ 

ឆ្លើយតបនឹងការជួយរបស់ IOM លោករដ្ឋមន្ត្រី បញ្ជាក់ថា ចំពោះកិច្ចប្រជុំអាស៊ានដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ ពិតជាមិនអាចរំលងពីប្រធានបទ ព័ន្ធពាក់ទៅនឹងពលករទេសន្តរប្រវេសន៍នេះឡើយ ដូច្នេះ បានខាងអង្គការIOM ផ្តល់ការគាំទ្រជួយលើបញ្ហាបច្ចេកទេស និងឯកសារផងដែរនោះ វាផ្តល់នូវធាតុចូលកាន់តែច្រើនបន្ថែមទៀត សម្រាប់ធ្វើការដោះស្រាយនូវចំណុចប្រឈមមួយចំនួនដែលត្រូវធ្វើការរួមគ្នាដោះស្រាយ ។ សម្រាប់គោលនយោបាយទេសន្តរប្រវេសន៍ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការជាមួយ អង្គការ ILO លោករដ្ឋមន្ត្រី ចង់ឃើញគោលនយោបាយមួយនេះ ក្លាយជាគោលនយោបាយជាតិ ដោយមានការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជាក៏ត្រូវការជួយជ្រោមជ្រែងបន្ថែមពីខាង IOM និងដៃគូពាក់ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យគោលនយោបាយនេះ កាន់តែរឹងមាំ និងធានាបាននូវសុវត្ថិភាពសម្រាប់ពលករទេសរន្តប្រវេសន៍។ 

លោកបណ្ឌិត អ៉ិត សំហេង ឯកភាពគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ IOM ក្នុងការអនុវត្តគម្រោង PROMISE សម្រាប់ជំហានទី២ បន្តទៀត។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានស្នើដល់អង្គការ IOM បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង លើគម្រោងសម្រាប់ផ្តល់ជំនួយទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សម្រាប់ពលករទេសន្តរប្រវេសន៍ និងជួយគាំទ្រក្នុងការអនុវត្តន៍ លើលទ្ធផលសន្និសីទថ្នាក់រដ្ឋមន្ត្រី ការងារលើកទី៣ CLMVT កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ទាក់ទងទៅនឹង ផែនទីបង្ហាញផ្លូវទីក្រុងសៀមរាប ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការងារស្តីពី ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMVT ។ ព្រមជាមួយការកសាងសមត្ថភាព ការលើកកម្ពស់ការយល់ដឹងដល់សមាគមទីភ្នាក់ងារជ្រើសរើសពលករ និងទីភ្នាក់ងារជ្រើសរើសឯកជន ស្តីពីប្រព័ន្ធអន្តរជាតិនៃការជ្រើសរើសពលករដោយសុចរិត(IRIS) ។

ចំណុចមួយទៀត ដែលភាគីទាំងពីរយកមកពិភាក្សាផងដែរ ទៅលើកិច្ចប្រជុំ នៃតំបន់មេគង្គ ស្តីពីពលករទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដែលកម្ពុជាជាសហប្រធាននៃកិច្ចប្រជុំនេះ ដែលនឹងត្រូវរៀបចំធ្វើឡើងនាខែ ឧសភា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមការជួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី៕

ដោយ​៖ស​ តារា​


ចែករំលែក៖