ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថារបស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃ ព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកា សហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ

– ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី

ជាកិច្ចចាប់ផ្តើម ខ្ញុំសូមអបអរសាទរខួបលើកទី ៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរ ជាតិ ដើម្បីកសាងសហគមន៍ នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ។ ខ្ញុំក៏សូមគាំទ្រចំពោះគ្រប់សកម្មភាព និងកិច្ចសហ ប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្ត ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ ជាពិសេស ការលុប បំបាត់ជំងឺគ្រុនចាញ់ តាមរយៈការប្រើប្រាស់ឱសថអាតេមីស៊ីនីន ។

សម្រាប់ប្រទេសកម្ពុជាដែលស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ ធ្លាប់មានជំងឺគ្រុនចាញ់ជាង ១៧ម៉ឺន ករណី និង ស្លាប់ជិត ១.០០០នាក់ នាទស្សវត្សឆ្នាំ៨០ ។ ក្នុងឆ្នាំ ២០២១ កន្លងទៅជំងឺគ្រុនចាញ់បានថយចុះមកនៅចំនួន ៣.៩៥៩ ករណី និងគ្មានការស្លាប់រយៈពេល ៤ ឆ្នាំចុងក្រោយ បើទោះជាប្រឈមនឹងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ។

សមិទ្ធផលដ៏ត្រចះត្រចង់នេះកើតចេញពីការអនុវត្តនូវ យុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១. ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅយុទ្ធសាស្ត្រចំនួនបួន រួមមាន៖

 ១) ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល ឲ្យបានរហ័ស

  ២) ព្យាបាលដោយប្រើថ្នាំអាតេមីស៊ីនីនឲ្យបានត្រឹមត្រូវតាមរូបមន្តដើម្បីបញ្ចៀសភាពស៊ាំរបស់ថ្នាំនេះ 

  ៣) បង្ការការចម្លងមេរោគគ្រុនចាញ់ដោយប្រើប្រាស់មុងជ្រលក់ថ្នាំ 

  និង ៤) ការងារអប់រំលើកកម្ពស់សុខភាព ដោយមាន ការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះដែរ ប្រសិទ្ធភាពនៃការអនុវត្ត យុទ្ធសាស្រ្តជាតិ គឺការផ្សារភ្ជាប់ដោយភាពទន់ភ្លន់ និងបត់បែនតាមយុទ្ធសាស្រ្តសកល និងតំបន់ ព្រមទាំងរៀនសូត្រដក ស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។ សម្រាប់ទិសដៅទៅអនាគត, កម្ពុជានឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់តួអង្គ ពាក់ព័ន្ធទាំងអស់ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគំនិតផ្តួតផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ កិច្ចសហប្រតិបត្តិការមេគ ង្គ-ឡានឆាង និងមូលនិធិជំនួយសហប្រតិបត្តិការត្បូង-ត្បូងប្រទេសចិន ជាដើម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ ទាំងស្រុង ។

ខ្ញុំក៏សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើ ទំនុកចិត្ត, ភាពជាដៃគូដោយ យកប្រជាជនជាស្នូល និងមូលដ្ឋានពហុភាគីនិយម ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យ ពិភពលោកគ្មានជំងឺគ្រុនចាញ់ឆ្នាំ ២០២៥ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖