ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ស្មីឃ្វីនអ៊ិនទ័រ ប្រេនមាដាមដា កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ JQU COLLAGEN គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យល់ការ ចរាចរឱសថ ឬផលិតផលបំប៉នសុខភាពក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយតាបតដែលត្រឹមត្រូវគឺមានពីរផ្នែក ១ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២-ផ្នែកខាងក្រោម មានលេខបញ្ញិកា ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលបំប៉ន សុខភាពដែលគ្មានលេខបញ្ជិកាខាងលើ និងឈប់ប្រើប្រាស់ផលិតផលនេះជាបន្តទៀត ព្រោះផលិតផលនេះមិនអាចធានា បាននូវគុណភាព និងអាចធ្វើអោយមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ទៀតផង។
ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជិកាខាងលើជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផល បំប៉នសុខភាពដែលគ្មានលេខបញ្ជិកាខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពដែល គ្មានលេខបញ្ជិកាខាងលើ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤ ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០, ០១២ ៥៦២ ៤៤៦ ៕
ដោយ ៖ សិលា