ខេត្តព្រះសីហនុ៖ យុវជន ២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីនុ ឃាត់ខ្លួនកាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃអង្គារទី២៦ ខែមេសា ឆ្នាំ២០២២នេះ បន្ទាប់ពីរកឃើញគ្រឿងញៀនជាច្រើនកញ្ចប់ ស្ថិតនៅចំណុចភូមិដូងក្រុម១៧ ភូមិ០១ សង្កាត០៤ ក្រុង-ខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី២៦ មេសានេះ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត សហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។
របាយការណ៍ដដែល បន្តថា ជនសង្ស័យទាំង២នាក់នេះរួមមាន៖
១-ឈ្មោះ ភឹម ពិសិដ្ឋ ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម ១៧ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកំណើត សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ ។ និង២-ឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទប្រុស ឆ្នាំកំណើត ២០០៧ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម១៧ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ២០ កញ្ចប់ ,ទូរស័ព្ទ ០១ គ្រឿង ។
បច្ចុប្ប៊ន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕
ដោយ៖សហការី