ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីរដូវកាលចូលឆ្នាំខ្មែររួច គេសង្កេតឃើញសមត្ថកិច្ចថៃនិងសមត្ថកិច្ចកម្ពុជានៅតាមបន្ទាត់ព្រំដែនបានទប់ស្កាត់ពលករខ្មែរជាបន្តបន្ទាប់ដែលពលករទាំងអស់ចាញ់បោកមេខ្យល់នាំចូលប្រទេសថៃតាមច្រករបៀង ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យជាក់ស្ដែងនៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០២២ កម្លាំងទាហានប្រាណទី១៣សហការជាមួយកម្លាំងនគរបាលល្បាតព្រំដែនទី១២របស់ថៃ បានចុះល្បាត និងឃ្លាំមើលរហូត២៤ម៉ោងនៅ បរិវេណព្រំដែនខេត្តស្រះកែវ ប្រឈមជាមួយខេត្តបន្ទាយមានជ័យរបស់កម្ពុជា បានសរុប១០លើក ចាប់ឃុំពលករខ្មែរបានសរុប២១៧នាក់ ដោយអ្នកទាំងអស់ ត្រូវការធ្វើដំណើរចូលទៅប្រទេសថៃដើម្បីលួចធ្វើការក្នុងទឹកដីខេត្តស្រះកែវ,រៈយ៉ង,ឈុនបុរី,ប៉ះធុម ថានី,នគររាជសីម៉ា,ណៈខន ,នន់ ថៈបុរី,សមុទ្រប្រាកាន,ប្រាជីន បុរី និងក្រុងបាងកក។
សមត្ថកិច្ចប្រាប់ថាៈ ការចាប់ឃុំពលករខ្មែរខាងលើ រកឃើញថា បរិវេណដែលជួបពលករខ្មែរលួចចូលទៅប្រទេសថៃ និងចាប់ឃុំបានច្រើនបំផុតគឺ បរិវេណភូមិណង ព្រឺ ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ដែលប្រឈមជាមួយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសមត្ថកិច្ចថៃចាប់ពលករខ្មែរដែលលួចចូលតាមច្រករបៀងបានចំនួន១២៧នាក់ ក្នុងនោះប្រុស៧៩,ស្រី៤៩,ក្មេងប្រុស៥ និងក្មេងស្រី២នាក់ ពេលសមត្ថកិច្ចថៃសួរនាំពួកគេបានប្រាប់ថា ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ,បាត់ដំបង,តាកែវ,ព្រៃវែង,សៀមរាប ប្រទេសកម្ពុជា ទើបសមត្ថកិច្ចថៃឃុំខ្លួន បញ្ជូនទៅឲ្យជំនាញខ្លងណាំសៃ ដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ ៖ វណ្ណា