ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកត្រាក់ទ័រពីក្រោយបណ្តាលឱ្យសិស្សថ្នាក់ទី១២ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវសិស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកត្រាក់ទ័រពីក្រោយពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៦និង២៥នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លេីកំណាត់ផ្លូវជាតិលេខ ៥៧ ត្រង់ចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

   ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញត្រាក់ទ័រមួយគ្រឿងបើកបរក្នុងទិសដៅពីជេីងទៅត្បូង លុះបើកមកដល់ចំណុចកេីតហេតុ ត្រាក់ទ័របានបត់ឆ្វេងដេីម្បីចូលទៅចម្ការតែភ្លាមៗនោះក៏មានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AI-5011 បើកបរដោយយុវជនម្នាក់ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរសិស្សថ្នាក់ទី១២ នៃវិទ្យាល័យពេជ្រចិន្តា រស់នៅក្នុងភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក  ខេត្តបាក់ដំបង ដែលបើកក្នុងទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកចំរ៉ៃត្រាក់ទ័រផ្នែកខាងមុខ បណ្តាលឱ្យជនរងគ្រោះអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្តង ចំណែកអ្នកបើកបរត្រាក់ទ័របានរត់គេចខ្លួនបាត់ស្រមោល។

  ក្រោយពេលកើតហេតុសមត្តកិច្ចជំនាញចរាចរណ៍បានចុះធ្វេីការវាស់វែងដើម្បីធ្វើកំណត់ហេតុ រួចក៏បានប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងត្រូវបានសមត្តកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក ស្រុកភ្នំព្រឹក ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖