ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនស្រ្តីអាជីវករលក់ផលិតផលតាមអនឡាញម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទឆបោក

ចែករំលែក៖

ភ្នំពេញ ៖ លោក រស់ សាមុឺឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចេញដីកាសម្រេចឃុំខ្លួនស្ត្រីម្នាក់ជាអាជីវករលក់ផលិតផលតាមអនឡាញ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក ។ ស្ត្រីរូបនោះឈ្មោះ អាន ធីតា អាយុ២៨ឆ្នាំ មានទីលំនៅពេលឃាត់ខ្លួនផ្ទះលេខ៣០ ផ្លូវលេខ៤១៥ សង្កាត់បឹងកក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដីកាឃុំខ្លួនបានដាក់ឱ្យជនត្រូវចោទស្ថិតនៅក្រោមការពិនិត្យពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៣៧៧ និង មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនដល់លំនៅឋានតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក រស់ សាមុឺឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្តឹងរបស់ឈ្មោះ លឹម ស្រីពេជ្រ ។ 

    សូមរម្លឹកថា កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចេញដីកាកោះឱ្យជនសង្ស័យចូលខ្លួនទៅស្ថាប័នអយ្យការដើម្បីសាកសួរបំភ្លឺពីដំណើររឿងពាក់ពន្ធលើបណ្តឹង៤ បទល្មើស ៖

១-បទ ឆបោក

២-បទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន   

៣-បទសមគំនិតក្នុងអំពើក្លែងបន្លំអត្តសញ្ញាណតតិយជន

នឹង៤-បទបរិហារកេរ្តិ៍ជាសាធារណៈ ។ 

    តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា និងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ អាន ធីតា និងប្តី បានប្រើឧបាយកលទុច្ចរិតទៅបញ្ចុះបញ្ចូលដើម្បីសុំខ្ចីប្រាក់ពីដើមបណ្តឹង(លឹម ស្រីពេជ្រ)ប្រមាណ៣.០០០ដុល្លារអាមេរិក ថាយកទៅធ្វើដើមទុនប្រកបមុខរបររកស៊ី និងដោះស្រាយធុរៈជាបន្ទាន់ ហើយការខ្ចីប្រាក់នោះគឺក្នុងរយៈពេល៣ខែ ដោយឈ្មោះ អាន ធីតា និងប្តី បានសន្យាថា ទូទាត់សងឱ្យគ្រប់ចំនួនវិញ ។ លុះដល់ថ្ងៃកំណត់អ្នកទាំងពីរមិនមានប្រាក់សងទៅដើមបណ្តឹងទេ តែបានអះអាងសុំសងប្រាក់តាមរយៈមូលប្បទានបត្រមួយសន្លឹករបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ លេខ៣៧៨ ៤៨៥ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន២.០០០ ដុល្លារអាមេរិក និងប្រាក់សុទ្ធបន្ថែមចំនួន១.០០០ដុល្លារអាមេរិក មិនឲ្យផុតពីថ្ងៃទី១៥ ខែមីនានោះឡើយ ។ ប៉ុន្តែដល់ថ្ងៃកាលបរិច្ឆេទកំណត់ត្រូវបើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រខាងលើនេះគ្មានសាច់ប្រាក់ទេ (សែកស្អុយ) ។ ពាក្យបណ្តឹងបញ្ជាក់ទៀតថា បន្ទាប់មកដើមបណ្តឹងបានព្យាយាមទាក់ទងទៅឈ្មោះ អាន ធីតា និងប្តី តែអ្នកទាំងពីរបានប្រើពាក្យមិនសមរម្យ និងជេរប្រមាថមកលើដើមបណ្តឹងជាច្រើន ថែមទាំងបោះសម្តីឱ្យទៅប្តឹងដល់ណាក៏ប្តឹងទៅ ។ មិនតែប៉ុណ្ណោះឈ្មោះ អាន ធីតា បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ ស្រី គុជ ធ្វើការបរិហារកេរ្តិ៍ដើមបណ្តឹងជាសាធារណៈ និងប្រឌិតរឿងប្រើពាក្យអសុរោះជាច្រើនដើម្បីបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះដើមបណ្តឹង រួមទាំងភ្ជាប់ជាមួយរូបថតរបស់ដើមបណ្តឹងផងដែរ ។ ជាងនេះទៅទៀតឈ្មោះ អាន ធីតា ដដែលក៏បានក្លែងបន្លំអត្តសញ្ញាណរបស់ដើមបណ្តឹង ដោយប្រើគណនីហ្វេសប៊ុក ឈ្មោះ Pich Ma Yaa ដាក់រូបភាពដើមបណ្តឹងលើប្រូហ្វាល់ហ្វេសប៊ុក ស្រដៀងនិងគណនីហ្វេសប៊ុករបស់ដើមបណ្តឹងឈ្មោះ Ma Yaa មកធ្វើការបរិហារកេរ្តិ៍ដើមបណ្តឹងជាសាធារណៈបន្ថែមទៀត ជាមួយហ្រ្វេនក្នុងហ្វេសប៊ុកជាច្រើនដោយប្រើពាក្យមិនសមរម្យក្នុងគោលបំណងឱ្យមតិសាធារណជនយល់ច្រឡំថាគណនីហ្វេសប៊ុករបស់ដើមបណ្តឹង និងដើម្បីឱ្យដើមបណ្តឹងមានបញ្ហាជាច្រើនជាមួយអ្នកដទៃទៀត ។

   ពាក្យបណ្តឹងនោះក៏បានសំណូមពរ៖ ១-សុំឱ្យតុលាការមេត្តាធ្វើការឃាត់ខ្លួន និងផ្តន្ទាទោសឈ្មោះ អាន ធីតា និងប្តីទៅតាមផ្លូវច្បាប់ ។ ២-សុំទាមទារការខូចខាត សំណងជំងឺចិត្ត ការខាតបង់ពេលវេលា និងសេវាផ្លូវច្បាប់ជាទឹកប្រាក់ចំនួន១០០.០០០ដុល្លារអាមេរិក ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖