ភ្នំពេញ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបន្តមានការជ្រើសរើសគ្រូបង្រៀន និងគ្រូពេទ្យ ដើម្បីបំពេញតម្រូវការរបស់សង្គមមិនអាចខ្វះបាន ខណៈដែលវិស័យផ្សេងៗទៀតបានផ្អាកក្នុងការជ្រើសរើសបុគ្គលិក-មន្ត្រីមួយរយៈពេល។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសចាប់ពីពេលនេះទៅកម្លាំងនគរបាល និងក្រុមអាទិភាពចាប់ចាក់វ៉ាក់សាំងដល់ដូសណានោះសិស្សានុសិស្សត្រូវចាក់ដល់ដូសនោះដែរ។
សូមជម្រាបជូនថា, ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២,៤៣០នាក់), និទ្ទេស C មានចំនួន ១១,៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥,៨៤៧នាក់), និទ្ទេស D មានចំនួន ២៣,៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤,១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦,២៣២នាក់)៕
ដោយ៖ស តារា