ភ្នំពេញ ៖ វ៉ាក់សាំងជំងឺកូវីដ-១៩(Pfizer) ចំនួន២លានដូសជំនួយឥតសំណងរបស់អាមរិក តាមរយៈយន្តការកូវ៉ាក់(COVAX) ប្រគល់ជូនកម្ពុជា បានដឹកមកដល់កម្ពុជាហើយ តាមការគ្រោងទុកនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។
បើយោងតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់សារព័ត៌មាន នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ គឺ វ៉ាក់សាំងប្រភេទ Pfizer ចំនួន១,៩៩៩,៥៣០ដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយន្ដការកូវ៉ាក់ នឹងដឹកមកដល់ប្រទេសកម្ពុជា នាវេលាម៉ោង៦ព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ ។ ការមកដល់នៃវ៉ាក់សាំងប្រភេទ Pfizer ជាជំនួយរបស់អាមេរិកនេះ មានវត្តមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងអញ្ជើញទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា, ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារដោយមេរោគកូវីដ១៩។ ឈរលើយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមេបញ្ជាការកំពូលលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានជំរុញការចាក់វ៉ាក់សាំង និងរកវ៉ាក់សាំងប្រកបដោយភាពរហ័សរហួនបំផុត។
សូមជម្រាបជូនថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៩៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៣៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៤៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៨,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៥៩,៩១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩៣,៤២% ៕
ដោយ ៖ សុខ ខេមរា