ព័ត៌មានទាន់ហេតុការណ៍៖

Crystal Palace ពិចារណាលើការផ្លាស់ប្តូរសម្រាប់ Wan-Bissaka និង Doucoure

ចែករំលែក៖

តាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ក្លិប Crystal Palace កំពុងពិចារណាលើការផ្ទេរខ្សែការពារ Aaron Wan-Bissakaរបស់ក្លិបបិសាចក្រហម Manchester United និងខ្សែបម្រើ Cheick Doucoure របស់ក្លិប Lens ។

ខ្សែការពារ Wan-Bissaka ដែលជាអតីតកីឡាករយុវជនដែលបានលេងនៅក្លិប Crystal Palace បានចាកចេញពីក្លិបទៅចូលរួមជាមួយ Manchester United ក្នុងការផ្លាស់ប្តូរតម្លៃ៥០លានផោនកាលពីឆ្នាំ២០១៩។ ដោយសារ​ប្រាក់​ឈ្នួល​ខ្ពស់​របស់​ខ្សែការពារស្តាំ កិច្ច​សន្យាខ្ចីជើង​ហាក់​ដូច​ជា​ជម្រើស​ទំនង​ជាងការទិញផ្តាច់របស់ក្លិបទាំង២។

Crystal Palace ក៏កំពុងពិចារណាលើការផ្លាស់ប្តូរមួយសម្រាប់កីឡាករអន្តរជាតិម៉ាលីវ័យ២២ឆ្នាំ Doucoure ជាមួយនឹងគ្រូបង្វឹកលោក Patrick Vieira ដែលចង់ពង្រឹងជម្រើសខ្សែបម្រើរបស់គាត់។ ខណៈដែលក្លិបCrystal Palace ចាប់អារម្មណ៍លើ Wan-Bissaka គ្រូបង្វឹកថ្មីរបស់ Man United លោក Erik ten Hag មិនទាន់មានឱកាសមើលកីឡាករដែលគាត់ចង់រក្សាទុកក្នុងក្រុមរបស់គាត់សម្រាប់រដូវកាលក្រោយនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ វាច្បាស់ណាស់ថា ជាមួយនឹងកីឡាករNathaniel Clyne និង Joel Ward ក្នុងវ័យ៣០ឆ្នាំ ហើយកីឡាករ Nathan Ferguson បានតស៊ូដើម្បីរក្សាកាយសម្បទាចាប់តាំងពីគាត់បានផ្លាស់ទៅCrystal Palace ពី West Brom ក្នុងឆ្នាំ២០២០ ខ្សែការពារស្តាំទាំងនេះគឺជាតួនាទីដែលក្លិបនឹងសម្លឹងមើលនៅរដូវក្តៅ។

Crystal Palace ក៏​សង្ឃឹម​ថា ​នឹង​ពង្រឹង​ខ្សែ​បម្រើ​របស់​ពួក​គេ​ផង​ដែរដោយកីឡាករ James McArthur នឹងឈានចូលវ័យ៣៥ឆ្នាំក្នុងខែតុលា ហើយបានជួបបញ្ហារបួសក្នុងរដូវកាលនេះ ខណៈដែល CheikhouKouyate នឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយ Conor Gallagher នឹងត្រឡប់ទៅក្លិប Chelsea វិញនៅពេលដែលលក្ខខណ្ឌខ្ចីជើងរបស់គាត់បានបញ្ចប់។

នៅវ័យ២២ឆ្នាំ Doucoure នឹងសមនឹងយុទ្ធសាស្រ្តរបស់ក្លិប Crystal Palace ក្នុងការកំណត់គោលដៅកីឡាករវ័យក្មេងដែលអាចជួយកែលម្អក្រុមនៅរដូវកាលក្រោយ។

គួរបញ្ជាក់ថា ក្លិប Crystal Palace កំពុងឈរលេខរៀងទី១២ មាន៤១ពិន្ទុ ក្នុង៣៤ប្រកួតក្នុងតារាង Premier League ខណៈសល់៤ប្រកួតទៀតនឹងចប់រដូវកាល។ ក្រុមនេះនឹងត្រូវប៉ះក្រុមភ្ញៀវ Watford នៅថ្ងៃសៅរ៍ ទី៧ ឧសភាខាងមុខ វេលាម៉ោង៩យប់ដើម្បីប្រជែងយក៣ពិន្ទុ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖