ភ្នំពេញ ៖ អ្នកមើលការខុសត្រូវនៅបុរីហ្គ្រេនផាកតាមបណ្ដោយផ្លូវជាតិលេខ៣ និងជានាយកសាលាឈ្មោះKinderland Cambodia ឈ្មោះ តាំង សេង ប៉ ភេទប្រុស កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៨៣ សញ្ជាតិខ្មែរ (ភិនភាគដូចមានភ្ជាប់ក្នុងវីដេអូឃ្លីប) បច្ចុប្បន្នមានអាសយដ្ឋានស្ថិតនៅផ្ទះគ្មានលេខ ផ្លូវទន្លេសាប ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានស្ត្រីឈ្មោះ ភិរម្យ អរណា ជនជាតិខ្មែរ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះលេខ១០៤ ផ្លូវលេខ១៣៤ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើការព្រមានឱ្យបញ្ឈប់សកម្មភាពនៃបទល្មើស “១. រំលោភលើលំនៅឋាន ២. រំលោភសិទ្ធិបុគ្គល មានបំណងចាប់រំលោភ ,មានបំណងលួចសម្ភារមានតម្លៃ ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ស្ត្រីឈ្មោះ ភិរម្យ អរណា បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ថាគាត់មានវីដេអូបង្ហាញពីសកម្មភាពចម្លងចេញពីកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៤ និង៣០នាទីរសៀល និងភស្តុតាងខ្លះថតចេញពីគណនីហ្វេសប៊ុក ឈ្មោះ (Sengpor Tang) ។
ស្ត្រីឈ្មោះ ភិរម្យ អរណា បានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៤និង៣០នាទីរសៀល បុគ្គល ឈ្មោះ តាំង សេងប៉ (Tang Sengpor) (ឈ្មោះក្នុងគណនីហ្វេសប៊ុក) បានប្រើហិង្សាចូលមកក្នុងលំនៅឋានរបស់នាងខ្ញុំដោយគ្មានការអនុញ្ញាត។ បន្ថែមពីលើនេះ កន្លងទៅជាច្រើនលើកច្រើនសា ជាពិសេស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ថ្មីៗនេះ បុគ្គលខាងលើបានយករូបរបស់នាងខ្ញុំទៅបង្ហោះក្នុងបណ្តាញសង្គម និងថែមទាំងសរសេរឈ្មោះនាងខ្ញុំ (Captions) ថា “22 April 2022 Good day good month of us I Love you Orona Phirom (Orm)” និងសរសេរទៀតថា “គាត់ គឺអម ខ្ញុំស្រឡាញគាត់” ។
អ្នកស្រីភិរម្យ អរណា បានលើកឡើងថា ក្នុងនាមខ្ញុំស្ត្រីខ្មែរមួយរូប នាងខ្ញុំពិតជាមិនអាចទទួលយកបានឡើយចំពោះសកម្មភាពក៏ដូចជាទង្វើរបស់បុគ្គលឈ្មោះ តាំង សេងប៉ រំលោភលើលំនៅឋាន មានបំណងចាប់រំលោភ ,មានបំណងលួចសម្ភារមានតម្លៃ និងរំលោភសិទ្ធិបុគ្គល និងការប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ។ល។ បានធ្វើឱ្យសាធារណជនដែលប្រើប្រាស់បណ្ដាញសង្គមមានការភ័ន្តច្រឡំ និងនាំឱ្យមានការរើសអើងតាមគ្រប់រូបភាពមកលើរូបនាងខ្ញុំ ដោយហេតុថា ខណៈនាងខ្ញុំជាមនុស្សមានកិត្តិយស កេរ្តិ៍ឈ្មោះ និងប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូរគ្រប់គ្រាន់ និងមិនបានប្រព្រឹត្តអំពើអសីលធម៌ណាមួយ ប្រាសចាកពីច្បាប់ ទំនៀមទម្លាប់ ដូចការលើកឡើងរបស់បុគ្គលខាងលើនោះឡើយ។
ស្ត្រីរូបនេះបានបន្តថា តាមរយៈសកម្មភាពរបស់ឈ្មោះ តាំង សេងប៉ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវចេតនាទុច្ចរិតក្នុងគោលបំណងគិតទុកមុនដូចតទៅ គឺរំលោភលើលំនៅឋានរបស់នាងខ្ញុំ មានបំណងចាប់រំលោភ, មានបំណងលួចសម្ភារមានតម្លៃ, រំលោភសិទ្ធិបុគ្គលមកលើរូបនាងខ្ញុំ និងបរិហារកេរ្តិ៍ជាសាធារណៈមកលើនាងខ្ញុំ ដែលសកម្មភាពទាំងនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះ និងអាប់ឱនកិត្តិយសដល់នាងខ្ញុំ និងក្រុមគ្រួសារយ៉ាងខ្លាំង។ ម្យ៉ាងទៀត ជាទង្វើមួយនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមជាតិ សាធារណៈ ដែលសង្គមជាតិមិនអាចទទួលយកបាន។ ពិសេស ទង្វើរបស់បុគ្គលខាងលើ គឺជាគំរូដ៏អាក្រក់មួយដែលអាចធ្វើឱ្យបុគ្គលដទៃទៀតយកតម្រាប់តាម ដែលសង្គម ជាតិមិនអាចអត់ឱន និងលើកលែងឲ្យបានឡើយ។
ស្ត្រីឈ្មោះភិរម្យ អរណាបានបញ្ជាក់ថា ខ្លួននឹងរៀបចំពឹងពាក់មេធាវីដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ក្នុងនោះសំណូមពរដល់សមត្ថកិច្វ តុលាការចាត់ការដូចខាងក្រោម៖
ទី១- សូមសមត្ថកិច្ចមានចំណាត់ការដំណោះស្រាយ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសលើបុគ្គលឈ្មោះ តាំង សេងប៉ តាមនីតិវិធីច្បាប់។
ទី២- បុគ្គលឈ្មោះ តាំង សេងប៉ ត្រូវធ្វើលិខិតសារភាពកំហុស និងសុំអភ័យទោសដល់នាងខ្ញុំជាជនរងគ្រោះជាសាធារណៈ។
ទី៣- ត្រូវមានអាណាព្យាបាលធានាអះអាង និងទទួលខុសត្រូវរាល់គ្រប់សកម្មភាពផ្សេងៗដែលបង្កឡើង
ដោយបុគ្គល តាំង សេងប៉ និងបក្សពួក នៅថ្ងៃខាងមុខ ដោយប្រការណាមួយ។
ទី៤- ទាមទារសំណងការខូចខាតដែលបានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់នាងខ្ញុំ និងក្រុមគ្រួសារ និងចំណាយសេវាច្បាប់ និងចំណាយផ្សេងៗ ។
ពាក់ព័ន្ធករណីនេះអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងបានពី លោក តាំង សេងប៉ នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយគ្មាន លេខទូរស័ព្ទ។ ប៉ុន្តែអង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ ៕
ដោយ ៖ សុខ ខេមរា